ជូននាងឆ្លងអូរទៅថៃ ឆ្លៀតឱកាសស្ទាបកន្លៀតកៀនកោះ នាងប្តឹងជាប់ខ្នោះល្មម!

ខេត្តបន្ទាយមានជ័យ:យុវជនមានវ័យ១៨ឆ្នាំម្នាក់បានក្លាយជាអ្នកទោស ដោយត្រូវកម្លាំង​កងរាជអាវុធហត្ថក្រុងប៉ោយប៉ែតចាប់ខ្លួនដាក់ខ្នោះតាមបណ្តឹងរបស់ស្រី្ត ខ.រ.ន អាយុ២៧ឆ្នាំ មុខរបរកម្មករ ថាបានប្រទូស្តកេរ្តិ៍ខ្មាសរបស់នាង។

ការឃាត់ខ្លួនយុវជនខាងលើនេះបាន ប្រព្រឹត្តកាលពីវេលាម៉ោង២រសៀល ថ្ងៃសៅរ៍៥រោចខែ បុស្ស ឆ្នាំ រកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃ ទី៦ ខែមករា ឆ្នាំ២០១៨ នៅចំណុចក្នុង​ព្រៃមាត់អូរ ច្រកព្រំប្រទល់កម្ពុជា-ថៃ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត គ្រាដែលស្រី្តរងគ្រោះធ្វើដំណើរឆ្លងអូរទៅធ្វើការនៅក្នុងទឹកដីថៃ ។

លោកអនុសេនីយ៍ឯក ចាន់ រដ្ឋា មេបញ្ជាការស្តីទីមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានមានប្រសាសន៍ឲ្យដឹងថា ក្រោយពីសមត្ថកិច្ចរបស់លោកបានទទួល​ពាក្យបណ្តឹងពីជនរង​គ្រោះរួចមក លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ និង​បានឃាត់ខ្លួនបុរសម្នាក់ឈ្មោះ ទី រដ្ឋា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ។

ឈ្មោះ ទី រដ្ឋា បានសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនគេពិតជាបានប្រទូស្តកេរ្តិ៍ខ្មាស់(ស្ទាបសុដន់ និងគូទ)លើនារីរងគ្រោះខាងលើ ប្រាកដមែន នៅពេលដែលខ្លួនបានជូនជនរងគ្រោះ ឆ្លងអូរ ដើម្បីចូលទៅធ្វើការជាកម្មករក្នុងទឹកដីថៃ ព្រោះតែខ្នាញ់នឹងសម្រស់នាងខ្លាំងពេក។

លោកមេបញ្ជាការស្តីទីបានបន្តថា ដោយផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យបែបនេះ ទើបសមត្ថកិច្ចរបស់លោក ធ្វើតេស្តទឹកនោមជនសង្ស័យរក ឃើញថាមានជាប់សារធាតុញៀន​ថែមទៀតម្ល៉ោះហើយកម្លាំងជំនាញកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានកសាងសំណុំរឿង​បញ្ជូនជនសង្ស័យ​រូបនេះពាក់ព័ន្ធបទប្រើប្រាស់សារធាតុ​ញៀនខុសច្បាប់ និងប្រទូស្តកេរ្តិ៍ខ្មាស់ ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមនីតិវិធី ៕សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *