គ្រាន់តែមើលមុខឌឺដងដាក់គ្នាតាមវាយសម្លាប់បុរសម្នាក់នឹងចបជីក ដូចសម្លាប់សត្វ

ខេត្តបាត់ដំបងៈ បុរសម្នាក់ បានស្លាប់ភ្លាមៗ បន្ទាប់ពីត្រូវជនសង្ស័យមួយក្រុម មានគ្នា២ទៅ​៤​នាក់ ប្រដាប់ដោយកាំបិតនិងចបជីក ធ្វើសកម្មភាពកាប់សម្លាប់ កាលពីវេលាម៉ោង៨៖១៤នាទី ថ្ងៃ៩ ខែមករា ឆ្នាំ២០១៨ នៅចំណុចក្រុមទី១ ភូមិរាមគន់ ឃុំគារ ស្រុកមោងឫស្សី ។

សមត្ថកិច្ចនគរបាលស្រុកមោងឫស្សី បានឲ្យដឹងថា មុនពេលកើតហេតុមានក្រុមជនសង្ស័យ មានគ្នាពី២ទៅ៤នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ២គ្រឿង ប្រដាប់ដោយកាំបិតនិងចបជីក បានទៅធ្វើសកម្មភាពកាប់ និងវាយទៅលើឈ្មោះ ណែម ធា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករ មានទីលំនៅ ភូមិជ្រៃ២ ឃុំជ្រៃ ស្រុកមោងឫស្សី បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និងរបួសមិត្តភក្តិជនរងគ្រោះ២នាក់ទៀតដែលមាន ទី១-ឈ្មោះ ទឿប ភន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ ធ្វើស្រែ មានទីលំនៅភូមិជ្រៃ២ ឃុំជ្រៃ ស្រុកមោងឫស្សី (របួសស្រាល)នង ទី២ -ឈ្មោះ មឿត រឿ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ ធ្វើស្រែ រស់នៅភូមិពោធ៍១ ឃុំគារ ស្រុកមោងឫស្សី(របួសស្រាល)។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ហេតុការណ៍នេះកើតឡើងដោយសារ ក្រុមជនរងគ្រោះ និងក្រុមជនដៃដល់មើលមុខនិង និយាយឌឺដងដាក់គ្នា ខណៈពេលក្រុមម្ខាងទៀត​ជិះម៉ូតូកាត់​មុខ ទើបឈានដល់ប្រើហិង្សាដាក់គ្នាបែបបនេះ ។

នៅកន្លែងកើតហេតុ សមត្ថកិច្ចបានរកឃើញ ម៉ូតូ៤គ្រឿង និងចបជីកមួយជាវត្ថុតាងសម្លាប់​មនុស្ស។ ម៉ូតូទាំង៤គ្រឿង ទី១-ម៉ូតូម៉ាកហុងដាស្គូពី ពណ៌ព្រីងទុំលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CA-1301, ទី២-ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ពោធិ៍សាត់ 1E-3471, ទី៣-ម៉ូតូម៉ាកហុងដាគប់ ពណ៌ខៀវ(ចាស់) គ្មានស្លាកលេខ, ទី៤-ម៉ូតូម៉ាកហុងដា  C125 ពណ៌ខ្មៅ ស៊េរី2016 ពាក់ស្លាកលេខ បាត់ដំបង 1W-7324 ។

បច្ចុប្បន្ន សាកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ក្រោយធ្វើកោសល្យវិច័យរួច ។  រីឯអ្នករបួសត្រូវបានបញ្ជូនទៅព្យាបាលនៅ​មន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី នៅឡើយ ៕

Leave a Reply

Your email address will not be published. Required fields are marked *