រថយន្តបែនដឹកថ្មបើកលឿនក្រឡាប់សង្កត់ស្រ្តីម្នាក់ដាច់ប្រអប់ជើង

 

 

 

ភ្នំពេញ៖ រថយន្តបែនដឹកថ្ម១គ្រឿងបើកបរក្នុងល្បឿនលឿនទៅដល់ជិតរង្វង់មូលដីក្រហមបត់ឡាកួរខ្លាំងពេក ក៏បានក្រឡាប់សង្កត់លើស្ត្រីម្នាក់ដែលជិះម៉ូតូ សេ១០០កូរ៉េ១គ្រឿងកំពុងឈប់ទិញទឹកសុទ្ធ បណ្ដាលឲ្យស្រ្តីរូបនោះរងរបួសដាច់ប្រអប់ជើងម្ខាង។បន្ទាប់មកអ្នកបើកបររថយន្តបង្កបានលូនចេញពីក្នុងរថយន្តប្រុងរត់គេចខ្លួន ប៉ុន្តែត្រូវបាននគរបាលដែលប្រចាំការនៅគោលដៅជិតនោះ ធ្វើការចាប់ខ្លួនបាននាំយកទៅធ្វើការសាកសួរនៅប៉ុស្ដិ៍ ចំណែកស្រ្តីរងគ្រោះក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗដែរ។ហេតុការណ៏នោះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ២ ត្រង់ចំណុចរង្វង់មូលកួរស្រូវ ស្ថិតនៅក្នុងភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ។ស្រ្តីរងគ្រោះមិនត្រូវបានគេស្គាល់ឈ្មោះនោះទេ រងរបួសដាច់ប្រអប់ជើងម្ខាង នាងជិះម៉ូតូ១គ្រឿងម៉ាកសេ១០០កូរ៉េពណ៏ក្រហម ពាក់ស្លាកលេខតាកែវ1A-2042។ចំណែករថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយពណ៏ស ពាក់ស្លាកលេខភ្នំពេញ3C-9368 បើកបរដោយឈ្មោះឃុន វិបុល ភេទប្រុសអាយុ២១ឆ្នាំមានទីលំនៅក្នុងភូមិត្រពាំងថ្ម ឃុំរបើក ស្រុកឈូក ខេតកតកំពត។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុស្រ្តីរងគ្រោះបានជិះម៉ូតូទៅឈប់ទិញទឹកសុទ្ធហូបនៅ ក្បែរចិញ្ចើមផ្លូវត្រង់ចំណុចកើតហេតុ ខណៈនោះស្រាប់តែរថយន្តបង្កបានបើកបរក្នុងល្បឿនយ៉ាងលឿនពីលិច ទៅកើតទៅដល់ ហើយដោយបានបត់ក្រឡឹងតាមរង្វង់មូល រួចក៏បានក្រឡាប់សង្កត់លើជើងស្រ្តីរងគ្រោះ បណ្ដាលឲ្យដាច់ប្រអប់ជើងម្ខាងតែម្ដង។ខណៈនោះអ្នកបើកបររថយន្តមិនបានរងរបួសនោះទេ ហើយបានលូនចេញពីក្នុងរថយន្តប្រុងរត់គេចខ្លួន ប៉ុន្តែត្រូវបាននគរបាលគោលដៅក្បែរនោះក្របួចជាប់រួចបាននាំទៅសាកសួរនៅប៉ុស្ដិ៍តែម្ដង។

ក្រោយពេលកើតហេតុមានការកកស្ទះចរាចរផងដែរដោយសារតែរថយន្តបានក្រឡាប់នៅកណ្ដាលផ្លូវ ហើយភ្លាមៗនោះកម្លាំងនគរបាលចរាចរខណ្ឌដង្កោ បានចុះទៅសម្រួលនិងស្ទូចយករថយន្តនោះចេញពីកន្លែងកើតហេតុ ព្រមទាំងនាំយកជនរងគ្រោះទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ។ទើបលែងមានការកកស្ទះ ហើយរថយន្តបង្កនិងអ្នកបើកបរ ព្រមទាំងម៉ូតូសេ១០០កូរ៉េត្រូវនគរបាលនាំយកទៅរក្សាទុករង់ចាំការដោះស្រាយគ្នា៕​បញ្ញា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *