ដើរទៅផ្លាស់គោត្រូវជនមិនស្គាល់មុខ រឹតកសម្លាប់ សង្ស័យករណីប្លន់យកគ្រឿងអលង្ការ

កណ្ដាល: ស្ត្រីចំណាស់ម្នាក់បានទៅ ទៅផ្លាស់គោនៅព្រៃក្រោយផ្ទះ ត្រូវជនមិនស្គាល់មុខ ធ្វើឃាត ប្លន់យកគ្រឿងអលង្ការអស់ពីខ្លួន បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ នៅក្នុងព្រៃលើដីទួលមួយកន្លែង មានទីតាំងស្ថិតនៅក្នុងភូមិគោល ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្ដាល បន្ទាប់ពីបាត់ពីផ្ទះអស់មួយយប់ ។

សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីចំណាស់រងគ្រោះដែលស្លាប់ឈ្មោះ ឃួន ខឿន អាយុ៦៧ឆ្នាំ មុខរបរកសិករ គាត់ត្រូវឃាតក ដៃឆៅរឹត.ក និងក្រមាសម្លាប់ចោលតែម្ដង មានប្ដីឈ្មោះសន ស៊ុយ អាយុ៧៣ឆ្នាំ មានទីលំនៅក្នុងភូមិគោល ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

ក្រុមគ្រួសារសពបានឲ្យដឹងថា នៅវេលាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ស្ត្រីរងគ្រោះបានទៅបុណ្យសង្ឃទាន ផ្ទះអ្នកជិតខាងដោយមានពាក់គ្រឿងអលង្ការ និងដាក់លុយចំនួន៥០០ដុល្លារ ជាប់ខ្លួនផងដែរ ។ ក្រោយមកនៅវេលាម៉ោងប្រហែល២រសៀល ប្ដីរបស់លោកស្ត្រីរងគ្រោះបានជិះម៉ូតឌុបកូនស្រីម្នាក់ ហើយបានដួលម៉ូតូ បណ្ដាលឲ្យរងរបួសយ៉ាងដំណំ ។ ខណ:នោះលោកស្ត្រីរងគ្រោះបានដាំទឹកក្ដៅស្អំរបួសឲ្យប្ដីគាត់រួចរាល់ នៅវេលាម៉ោង៣រសៀលថ្ងៃដដែល ទើបគាត់ចាកចេញពីផ្ទះទៅផ្លាស់គោហើយក៏ស្រាប់តែបាត់រហូតមិនឃើញត្រឡប់ទៅផ្ទះវិញឡើយ ។

ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីបាត់យូទៅៗរហូតដល់វេលាម៉ោង៤និង៣០នាទីល្ងាចទើបកូនៗបាននាំគ្នាតាមរកគ្រប់ទីកន្លែងរហូតដល់ជិតភ្លឺ ប៉ុន្តែមិនបានឃើញឡើយក៏ឈប់សម្រាកសិន ។ លុះដល់ព្រឹកឡើងថ្ងៃទី១២ ខែមករា បានដើររកទៀត ហើយក៏បានប្រទះឃើញសាកសពម្ដាយដេកស្លាប់នៅក្នុងព្រៃលើដីទួលមាត់ត្រពាំងពង្រនោះបាត់ទៅហើយ ទើបមានការភ្ញាក់ផ្អើល ។ បន្ទាប់មកបានរាយការណ៍ជូននគរបាលស្រុកអង្គស្នួល ដើម្បីរាយការណ៍បន្តទៅកាន់នគរបាលបច្ចេកទេសខេត្តកណ្ដាល ចុះធ្វើការពិនិត្យកោសល្យវិច័យ និងស្រាវជ្រាវរកឃាតក។

ពាក់ពន្ធ័នឹងករណីខាងលើនេះដែរ សមត្ថកិច្ចសង្ស័យជាជំហានដំបូងថាជាអំពើប្លន់យកគ្រឿងអលង្ការពាក់ជាប់នឹងខ្លួន គ្រាដែលស្រី្តរងគ្រោះ ពាក់មកពីស៊ីការគេហើយមិនបានដោះចេញ ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *