សមត្ថកិច្ចរកឃើញមឹកបំពង់មានសារធាតុគីមីហ្វ័រម៉ាលីននៅផ្សារទឹកថ្លា

ភ្នំពេញៈ មន្រ្តីកាំកុងត្រូល​បានដកហូតមឹកបំពង់​ ដែលអាជីវករដាក់តាំងលក់ ជាច្រើនគីឡូក្រាមបន្ទាប់ពីរកឃើញមឹកបំពង់ទាំងនោះមានប្រើប្រាស់​សារធាតុគីមី​ហ្វ័រម៉ាលីន កាលពីព្រឹកថ្ងៃចន្ទ ១៤ រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ១៥ ខែ មករា ឆ្ន២០១៨ ខណៈចុះ​ត្រួតពិនិត្យផលិតផលចំណីអាហារ សាច់ បន្លែ ផ្លែឈើ ប្រហិត ស្ថិតក្នុងភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោក ឆាយ ថូនី អនុប្រធានសាខាទទួល​ការិយាល័យ​​ប្រមូលចំណូល និងទីផ្សារ បានឲ្យ​ដឹងថា ការចុះត្រួតពិនិត្យទៅលើផលិតផល ចំណីអាហាររួមមាន សាច់គោ សាច់ក្រក ប្រហិត ផ្លែឈើគ្រប់ប្រភេទចំនួន៣៩មុខ ហើយបានយកគំរូ មកធ្វើការវិភាគនៅបន្ទប់ពិសោធន៍ចល័ត តាមរថយន្តចល័ត ដើម្បីរកសារធាតុគីមីហាមឃាត់ ដែលប៉ះពាល់ដល់សុខភាព​អ្នកប្រើប្រាស់។

លោកឆាយ ថូនី បន្តថា ជាលទ្ធផលយើងរកឃើញសារធាតុគីមីហាមឃាត់ប្រភេទហ្វ័រម៉ាលីន (formalin) មានដាក់នៅក្នុងមឹកបំពង់ចំនួន៤គីឡូក្រាម ហើយក៏បានដកហូត និងណែនាំឲ្យអ្នកលក់ធ្វើកិច្ចសន្យា ​បញ្ឈប់ការប្រើប្រាស់សារធាតុគីមី(formalin)នេះតទៅទៀត ព្រោះវាធ្វើឲ្យប៉ះពាល់សុខភាពអ្នកទទួលទាន។អ្នកលក់ និងអ្នកទិញត្រូវដឹងពីអត្តសញ្ញាណ ប្រភពអាសយដ្ឋានរបស់អ្នកដែល យកមកលក់​ឲ្យខ្លួន ឬធ្វើវិក្កយបត្រ ទូទាត់ឲ្យបានត្រឹមត្រូវទុក ជាព័ត៌មាន ដើម្បីបង្កលក្ខណៈងាយស្រួល ដល់សមត្ថកិច្ចកាំកុងត្រូល​ចុះ​ស្រាវជ្រាវ និងតាមដាន ព្រមទាំងមានវិធានការតាមច្បាប់ ចំពោះអ្នកលក់ ឬអ្នកចែកចាយផលិតផលនេះ។

ក្នុងពេលចុះត្រួតពិនិត្យគុណភាពទំនិញនោះដែរលោក ឆាយ ថូនី ក៏បានអប់រំ និងអំពាវនាវ ដល់អាជីវករអ្នកលក់ដូរទាំងអស់ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ គឺលក់ដូរនិងចែកចាយតែទំនិញ ផលិតផលម្ហូបអាហារណាដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់ ឯអ្នកទិញ ក៏ត្រូវតែប្រុងប្រយ័ត្នផងដែរ បើពិនិត្យមើលទំនិញណាគួរឲ្យសង្ស័យ កុំទិញយកទៅប្រើប្រាស់ឲ្យសោះ ៕

Leave a Reply

Your email address will not be published. Required fields are marked *