ចាប់ជនសង្ស័យម្នាក់ជាមួយកញ្ឆាក្រៀមចំនួន ១០ គីឡូក្រាម

ខេត្តតាកែវៈ នៅថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៣រសៀល កម្លាំងអធិការដ្ឋាននគរបាលស្រុកគិរីវង់ បានចុះបង្រ្កាបករណីដឹកជញ្ជូនកញ្ឆាក្រៀម១ករណី នៅចំណុចភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ និងបានឃាត់ខ្លួនបានជនសង្ស័យម្នាក់ រួមនឹងកញ្ឆាក្រៀមចំនួន ១០ គីឡូក្រាមផង ។

លោក យុគ សារ៉ាត់ អធិការស្រុកគិរីវង់ បានប្រាប់ឲ្យ​ដឹងថា ដោយអនុវត្តតាមបទបញ្ជា​ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ក្នុងការបង្រ្កាបបទល្មើ​សឲ្យដូចភ្លៀងរលឹម នោះទើបកម្លាំងរបស់លោកបង្ក្រាបបានករណីខាងលើនេះ។

លោក អធិការបន្តថា ជនសង្ស័យឈ្មោះ កែវ ភូ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។ ក្រោយឃាត់ខ្លួន កម្លាំងជំនាញបានដកហូតវត្ថុតាងរួមមាន កញ្ឆាក្រៀមចំនួន៩ដុំ ទម្ងន់១០គីឡូក្រាម និងម៉ូតូ  គ្មានស្លាកលេខ មួយគ្រឿង គ្រាដែលជននេះបម្រុងដឹក យកទៅលក់ឲ្យម៉ូយនៅប្រទេសវៀតណាម ។

បច្ចុប្បន្នជនសង្ស័យ​ ត្រូវបានកម្លាំងជំនាញនគរបាលស្រុកគិរីវង្ស​កសាងសំណុំរឿងបញ្ជូន​ទៅសាលាដំបូងខេត្តតាកែវដើម្បីចាត់ការតាមនីតិវិធី៕ សំបូរ

 

Leave a Reply

Your email address will not be published. Required fields are marked *