ម៉ូតូបុកគ្នាប្រាវ ស្លាប់​ម្នាក់ ​រងរបួស​ធ្ងន់ម្នាក់

ខេត្តកំពត ៖ មានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូបុកម៉ូតូនៅយប់ថ្ងៃ ពុធ ១កើត ខែ មាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែ មករា ឆ្នាំ ២០១៨ នៅកំណាត់​ផ្លូវជាតិ​លេខ៣ កំពត-ខេត្ត​ព្រះ​ស៊ី​ហ​នុ ស្ថិតក្នុង​ភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ខណៈដែលម៉ូតូទាំងពីរគ្រឿង ​បើក​ក្នុងទិសដៅ​ប​ញ្ជ្រា​ស​គ្នា បណ្តាលឲ្យបាត់បង់ជីវិតម្នាក់ និងរងរបួសម្នាក់ ។

មន្ត្រីនគរបាល​ចរាច​រណ៍​ខេត្តកំពត​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ស្លាប់បាត់​បង់ជីវិតក្នុងឧប្ត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកម៉ូតូនេះ​មានឈ្មោះ​លី សុ​ប ភេទ​ប្រុស អាយុ២៩ឆ្នាំ មាន​ទីលំនៅ​ភូមិ​បឹង​តា​រោង ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ ខេត្តកំពត ។ ចំណែក​ភាគី​ម្ខាង​ទៀត​ដែល​រងរបួស​ធ្ងន់​ឈ្មោះ អ៊ិន បុត្រា ភេទ​ប្រុស អាយុ៣១ឆ្នាំ មាន​ទីលំនៅ​ភូមិ​សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ខេត្តកំពត ។

ប្រភពដដែលបានឲ្យដឹងទៀតថា មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ហុងដាស្គូពី​ធ្វើដំណើរក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូងយ៉ាងលឿន។​លុះដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​បុរស​ម្នាក់ទៀត​ជិះ​ម៉ូតូ​ម៉ាកហុងដា សេ១២៥ មកពី​ត្បូង​ជិះក្នុងល្បឿនលឿនដូចគ្នាបាន​បុក​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ​ម៉ូតូ​ទាំងពីរគ្រឿងដួលរៀងៗខ្លួននិងធ្វើឲ្យឲ្យ​ភាគី​ខាង​ម៉ូតូ​ហុងដាសេ១២៥ ដេក​សន្លប់​ផ្កាប់មុខមាន​ឈាម​ហូរ​ចេញពី​ថ្ងាស ព្រមទាំង​ដិតដាម​លើផ្លូវ​ជាច្រើន ។ ចំណែក​ភាគី​ខាង​ម៉ូតូ​ហុងដា​ស្គូពី ស្ថិតក្នុង​ស្ថានភាព​របួស​ធ្ងន់​ដោយ​វង្វេងវង្វាន់​ស្មារតី​មិនអាច​សួរនាំ​អ្វី​បានឡើយ ។

មន្ត្រីនគរបាល​ចរាច​រណ៍​បាន​បញ្ជាក់ថា គ្រា​ដែល​សមត្ថកិច្ច​ជួយ​ជ្រោមជ្រែង​បញ្ជូនជនរងគ្រោះទៅ​សង្គ្រោះនៅមន្ទីរពេទ្យ​នោះ ក្រុមគ្រូពេទ្យ​បាន​ប្រាប់ថា ភាគី​ខាង​ម៉ូតូ​ហុងដាសេ១២៥បាន​បាត់បង់​ជីវិត​ទៅហើយ ទើបសមត្ថកិច្ចចាត់ចែងវាស់វែង និងប្រគល់សព ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

Leave a Reply

Your email address will not be published. Required fields are marked *