ខ្មោចចូលសិស្សស្រីវិទ្យាល័យ ហ៊ុនសែន អង្គស្តុក គួរឲ្យខ្លាច ?

ខេត្តកំពតៈជាងមួយខែមកហើយ ដែលមានការភ្ញាក់ផ្អើលនៅក្នុងវិទ្យាល័យ ហ៊ុនសែន អង្គស្តុក ស្ថិតក្នុងភូមិ ស្តុក ឃុំសំឡាញ់ ស្រុកអង្គរជ័យ ខេត្តកំពត ថា មានសិស្ស​ស្រីជា​ច្រើននាក់​ដួលសន្លប់​ជាបន្តបន្ទាប់ ហើយការដួលសន្លប់នេះទៀតសោត​បើគិតតាម​អបីយជំនឿហាក់បីដូចជាខ្មោចចូលទៀតផង ។

ការភ្ញាក់ផ្អើលនេះកើតឡើងតាំងពីថ្ងៃទី ១៦ខែធ្នូឆ្នាំ ២០១៧ មកម៉្លេះគឺមានសិស្សស្រី​ដួលសន្លប់ជាង១០នាក់ឯណោះដែលពេលនោះ សិស្សស្រីខ្លះស្រែកទ្រហោរយំត្អូញ​ហត់ណាស់ៗ សិស្សស្រីខ្លះស្រែកគំរោះគំរើយដាក់គេឯង និងខ្លះទៀតចេញមុខ​យក្សកាចសាហាវមើលទៅគួរឲ្យខ្លាច ដែលនេះធ្វើឲ្យអ្នកមានជំនឿខ្លះថាខ្មោចចូល។

ប្រភពព័ត៌មានពីខេត្តកំពតបានឲ្យដឹងថា បន្ទាប់ពីមានហេតុការណ៍នេះកើតឡើងមួយលើក​ស្រាប់តែនៅ​ថ្ងៃទី ៨ ខែមករា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ មានហេតុការណ៍នេះ​កើតឡើងមួយ​លើក​​ទៀត គ្រាដែលសិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងភូមិឃុំខាងលើធ្វើបុណ្យសូត្រ​មន្ត​រំដោះ​គ្រោះនិងសុំសុខសិរីសួស្តីក្នុងវិទ្យាល័យ ហ៊ុនសែន អង្គស្តុក។ ពេលនោះគេឃើញសិស្ស​ស្រីជាច្រើននាក់បានដួលសន្លប់ដូចមុនៗដែរ ដោយក្នុងនោះមានទាំង ក្មេងស្រីសិស្សសាលា​ម្នាក់ជាអ្នករាំរបាំជូនពរផងដែរ។ខណៈកំពុងដួលសន្លប់នោះមានអ្នកសង្រ្គោះបឋមជួយគក់ច្របាច់ បក់ផ្លិតឲ្យដឹងខ្លួនឡើងវិញ ហើយពេលដឹងខ្លួននោះពួកគេស្រែក​ទ្រហោរយំទធាក់ដៃ ជើង និយាយផ្តេសផ្តាស​ទាំងអន្ទះអន្ទែង និងខ្លះទៀតស្រែកគំរោះគំរើយដាក់អ្នកសង្រ្គោះ ប្រៀបដូចខ្មាចចោលនោះដែរ ។

ទាក់ទិននឹងអម្ភូតហេតុខាងលើនេះ គេមិនទាន់ឃើញមានសារព័ត៌មានណាមួយចុះ​ផ្សាយនៅ​ឡើយទេ គ្រាដែលមានវីដេអូសកម្មភាពសិស្សស្រីច្រើននាក់នៅវិទ្យាល័យ ហ៊ុនសែន អង្គស្តុក នេះដួលសន្លប់ ដែលអ្នកមានជំនឿខ្លះថាខ្មោចចូលនោះ ត្រូវបានមិត្តអ្នកអានម្នាក់ផ្ញើ ទៅកាន់​ការិយាល័យនិពន្ធកាសែតនគរវត្ត ឲ្យឃើញ  ។

រីឯអាជ្ញាធរដែនដី និងអ្នកជំនាញសុខាភិបាល កាសែតនគរវត្តមិនអាចសុំការបញ្ជាក់ពីមូល​ហេតុនេះបានទេកាលពីរសៀលថ្ងៃ ព្រហស្បតិ៍ ២កើត ខែ មាឃ​ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ ២០១៨ នេះ ៕

Leave a Reply

Your email address will not be published. Required fields are marked *