ប្រទះឃើញសពបុរសម្នាក់ស្វិតក្រញង់ដោយចងកសម្លាប់ខ្លួនលើដើមឈើ

ខេត្តរតនគិរីៈ មានការភ្ញាក់ផ្អើលមួយកើតឡើងកាលពីវេលាម៉ោងប្រហែល២និង៣០នាទី រសៀលថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ នៅចំណុចវាលឆ្កែហត់ ស្ថិតក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី បន្ទាប់ពីក្មេងប្រុសម្នាក់ ឈ្មោះ សារ៉ត សារ៉ែន អាយុ១៥ឆ្នាំ ដែលបានដើរក្នុងព្រៃ បានប្រទះឃើញសាកសពមនុស្សប្រុសម្នាក់ ចងក នៅលើដើមឈើ កម្ពស់ជាង៤ម៉ែត្រ ស្អុយរលេះរលួយទៅហើយ ។

ក្រោយទទួលព័ត៌មានភ្លាម កម្លាំងជំនាញនគរបាលខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាន និងកម្លាំងប៉ុស្ដិ៍ បានចុះពិនិត្យដល់កន្លែងកើតហេតុ ដោយពិនិត្យឃើញសាកសពមិនស្គាល់អត្តសញ្ញាណម្នាក់អាយុជាង២០ឆ្នាំ ពាក់អាវកីឡាពណ៌ខៀវ ឆ្នូតក្រហមដៃខ្លី ស្លៀកខោកីឡាពណ៌ខៀវ ឆ្នូតក្រហមជើងខ្លី សក់ប្រវែង៨សង់ទីម៉ែត្រ។ សាកសពយកខោខូវប៊យជើងវែង ចងកនឹងដើមដ៏ខ្ពស់១ដើមកម្ពស់ជាង៤ម៉ែត្រពី​ដីនិងទំនងជាស្លាប់ជាង២០ថ្ងៃមកហើយ ទើបសពមានសភាពស្វិតក្រៀមអស់មើលលែងយល់ ហើយការធ្វើអត្តឃាតនេះមិនដឹងថាដោយសារមូលហេតុអ្វីនោះទេ ។

ក្រោយមកកម្លាំងជំនាញបានចុះទៅស្រាយសពទម្លាក់ពីដើមឈើដល់ដីដើម្បីធ្វើកោសល្យវិច័យ និង កំពុងស្រាវជ្រាវតាមនីតិវិធី ព្រមទាំងស្វែងរកក្រុមគ្រួសារ ដើម្បីប្រគល់សពយកទៅធ្វើបុណ្យតាមប្រពៃណី៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *