ថ្នាក់ដឹកនាំខណ្ឌពោធិ៍សែនជ័យ​បានចូលរួមជួយឧបត្ថម្ភដល់ក្រុមគ្រួសារសពនូវទឹកប្រាក់ប្រមាណជិត១ដូល្លារ៍​

 

 

 

ភ្នំពេញ​ ៖​ បន្ទាប់ពីមានឧប្បត្តិហេតុចៃដន្យដ៍អាក្រក់ពេលសមត្ថកិច្ចចុះទៅបង្ក្រាបទីតាំងជល់មាន់និងលេងអាប៉ោងហើយបាញ់គំរាមបែរជាផ្លាត្រូវបុរសជាកម្មករម្នាកើបណ្ដាលឲ្យស្លាប់រួចមកថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញនិងលោកស្នងការរាជធានីនិងថ្នាក់ដឹកនាំខណ្ឌពោធិ៍សែនជ័យ​បានចូលរួមជួយឧបត្ថម្ភដល់ក្រុមគ្រួសារសពនូវទឹកប្រាក់ប្រមាណជិត១មុឺនដុល្លារក្នុងនោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានឧបត្ថម្ភថវិកាចំនួន៥០០០ដុល្លារ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានឧបត្ថម្ភថវិកាចំនួន៣ពាន់ដុល្លារ និងចូលរួមបុណ្យសពចំនួន២លានរៀលលោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យចំនួន១០០ដុល្លាលោក ឃឹម ស៊ុនសូដា អភិបាលរងខណ្ឌចំនួន១០០ដុល្លារនិងលោកយឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យនិងកងកម្លាំងក្នុងខណ្ឌទាំងអស់ចំនួន៥០០ដុល្លារដល់ក្រុមគ្រួសារនៃសពដើម្បីធ្វើបុណ្យជូនជនរងគ្រោះ។

ថវិកាជិត១មុឺនដុល្លារត្រូវបានលោក ឃឹម ស៊ុនសូដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ និងលោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌនាំយកទៅប្រគល់ជូននិងបានចូលរួមពិធីបុណ្យសពជនរងគ្រោះដោយផ្ទាល់ផងដែរនិងបានផ្តាំផ្ញើការចូលរួមរំលែកទុក្ខរបស់លោកអភិបាលរាជធានីភ្នំពេញ និងស្នងការ ចំពោះការបាត់បង់ជីវិតជនរងគ្រោះនៅក្នុងហេតុការណ៍អចេតនាមួយនេះ។

សូមបញ្ជាក់ថានៅវេលាម៉ោងជាង១១ ព្រឹកថ្ងៃទី២១ ខែមករាឆ្នាំ២០១៨ស្ថិតនៅចំណុចដីឡូតិ៍ ខាងក្រោយផ្សារកាណាសុិធី ក្នុងភូមិចោមចៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យកម្លាំងសមត្ថកិច្ច បានចុះបង្ក្រាបសង្វៀនជល់មាន់ និងបាញ់អាប៉ោងដ៏ធំមួយ រហូតមានការផ្ទុះអាវុធ បាញ់ឡើងដោយសារខ្លាចក្រុមចូលលេងល្បែងជល់មាន់តដៃហើយក៏រាលកៃបណ្ដាលឱ្យត្រូវបុរសជាកម្មកររោងចក្រម្នាក់ខណៈកំពុងអើតមើលនៅលើផ្ទះជួលជាន់ទី៣ បណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ជនរងគ្រោះឈ្មោះ សៀក រ៉ន អាយុ៣៣ឆ្នាំ មុខរបររោងចក្រ ស្នាក់នៅក្បែរផ្សារកាណាសុីធី មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ មានប្រពន្ធឈ្មោះ ណុប ផានី អាយុ២៧ឆ្នាំ មុខរបរកម្មការីនីរោងចក្រ មានស្រុកកំណើតភូមិសែនអោក ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ។​ចំណែក​ឯ​ប្រពន្ធជនរងគ្រោះឈ្មោះ ណុប ផានី បានឲ្យដឹងថានៅមុនពេលកើតហេតុជនរងគ្រោះបានមកពីហូបកាហ្វេ ហើយបានឡើងទៅបន្ទប់ជួលរបស់គាត់។ ពេលនោះប្តីរបស់គាត់ បានអើតមើលគេជល់មាន់ ស្របពេលដែលកម្លាំងសមត្ថកិច្ចចុះបង្ក្រាប ក៏បានបាញ់ឡើងទៅលើជាច្រើនគ្រាប់ ក៏បណ្ដាលឲ្យត្រូវជនរងគ្រោះចំបំពង់កមួយកន្លែងនិងដៃស្ដាំមួយគ្រាប់ហើយប្រពន្ធជនរងគ្រោះ បានហៅរថយន្ដពេទ្យសម្ពពអង្គរដឹកជនរងគ្រោះចេញពីចំណុចកើតហេតុបានប្រហែលជា៥នាទីជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់នៅក្នុងរថយន្តតែម្ដង។

ចំពោះហេតុការណ៍ខាងលើនេះ លោក យឹម សារ៉ាន៉ អធិការនគរបាលខណ្ឌបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថាមុនដំបូងកម្លាំងនគរបាលរបស់ខណ្ឌសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ បានចុះទៅបង្ក្រាបករណីគ្រឿងញៀនមួយកន្លែងពេលនោះក៏ទទួលបានព័ត៌មានថាមានករណី​គ្រឿងញៀន២ទីតាំងទៀតនៅផ្តុំផ្សារកាណាសុីធី ហើយកម្លាំងក៏សម្រុកទៅរកទីនោះក៏ស្រាប់តែឃើញមានសង្វៀនជល់មាន់និងបាញ់អាប៉ោងដ៏ធំមួយ។​
ដោយសារជាបទល្មើសជាក់ស្តែង កម្លាំងនគរបាលរបស់លោក ក៏ចុះទៅបង្ក្រាបតែម្តង ប៉ុន្តែដោយសារមានអ្នកលេងល្បែងជល់មាន់ខ្លះ បានរត់មកតដៃជាមួយនគរបាលបណ្តាលឲ្យរងរបួសខ្លះដែរ រហូតដួលជ្រុះកាំភ្លើង ហើយខ្លាចអ្នកលេងល្បែងជល់មាន់ ដណ្តើមកាំភ្លើង កម្លាំងផ្សេងទៀត ក៏បានបាញ់ឡើងលើតែម្តង។

លោកថាពេលបាញ់ឡើងលើនោះស្រាប់តែគ្រាប់កាំភ្លើងរត់ទៅបុកបង្កាន់ដៃបន្ទប់ជួលរបស់ជនរងគ្រោះហើយក៏ផ្លាតទៅចំជនរងគ្រោះ ខណៈកំពុងអើតមើលការបង្ក្រាបនេះ បណ្តាលឲ្យស្លាប់ពេលកំពុងបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ចំពោះហេតុការណ៍អចេតនាមួយនេះលោកអធិការពិតជាមានការសោកស្តាយយ៉ាងខ្លាំង និងក៏សូមចូលរួមរំលែកទុក្ខក្រុមគ្រួសារជនរងគ្រោះផងដែរ៕សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *