វ៉ាគេមិនផុតវ៉ាកអើរ៉ឺម៉កកង់បីដួលខ្ទេតចូលក្រោមរថយន្ដក្រុងកិនបែកក្បាលស្លាប់

 

 

 

ភ្នំពេញ៖ យុវជន២នាក់ជិះម៉ូតូវ៉ាម៉ូតូមួយគ្រឿងទៀតវ៉ាក់អើជាមួយរ៉ឺម៉កកង់បីធ្វើអោយជនរងគ្រោះចាប់ហ្វាំងបង្ខំដួលខ្ទេតចូលរថយន្ដក្រុងរបស់សាលារាជធានីភ្នំពេញកិនបែកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៦ និង១០ នាទីល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវមុន្នីរ៉េត ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សាកសពជនរងគ្រោះមាន
ឈ្មោះ ណន ធារ៉ា ភេទប្រុស អាយុ១៩ ឆ្នាំមុខរបរ ជាងភ្លើង ស្នាក់នៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។
យោងតាមសម្ដីរបស់មិត្ដភ័ក្ររួមដំណើរជាមួយគ្នាប្រាប់អោយដឹងថា មុនពេលកើតហេតុពួកគេបានចេញពីកន្លែងធ្វើការនៅម្ដុំផ្សារថ្មី ដោយជិះម៉ូតូមួយគ្រឿងម៉ាក Zoome X ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1FM-9331 ធ្វើដំណើតាមបណ្ដោយផ្លូវមុន្នីរ៉េតក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុក៏បានវ៉ាជាមួយម៉ូតូមួយគ្រឿងទៀតមិនចាំម៉ាកធ្វើអោយវ៉ាក់អើជាមួយរ៉ឺម៉កកង់បីធ្វើអោយជនរងគ្រោះចាប់ហ្វាំងបង្ខំដួលខ្ទេចចូលក្រោមកង់រថយន្ដក្រុងរបស់សាលារាជធានីភ្នំពេញកិនស្លាប់ភ្លាមៗមួយរំពេចតែម្ដង ។ភ្លាមៗនោះតៃកុងរថយន្ដក្រុងបានចុះរត់គេចខ្លួនបាត់សម្រោលបន្សល់ទុករថយន្ដនៅកន្លែងកើតហេតុ ។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះមកដល់ទីតាំងកើតហេតុជួយសម្របសម្រួលចរាចណ៍ និងទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីមកធ្វើការវាស់វែងនិងអូសរថយន្ដរួមទាំងម៉ូតូទៅរក្សាទុកដោះស្រាយគ្នាពេលក្រោយ ។ ចំណែកឯសាកសពត្រវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕បញ្ញា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *