កូនអកតញ្ញូ​វាយឪពុកហើមភ្នែកទៅតុលាការខឹងសុំទាមួយក្បាលមកធ្វើម្ហូប​ក្លែមជាមួយមិត្តភក្តិមិនបាន

ខេត្តតាកែវៈ បុរសម្នាក់ ត្រូវបានសមត្ថកិច្ច នគរបាលខេត្តតាកែវឃាត់ខ្លួន នឹងកសាង​សំណុំ​រឿងបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃពុធ ៨កើត ខែ មាឃ​ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងទី២៤ មករា ២០១៨នេះ ដោយសារតែរូបគេបានប្រើហិង្សា​ឪពុកបង្កើត បណ្ដាលឲ្យ​រងរបួសហើមភ្នែក កាលពីថ្ងៃទី២២ មករា ២០១៨ នៅចំណុចត្រពាំងទឹក ស្ថិតនៅភូមិត្រពាំងក្តី ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ ព្រោះតែខឹងសុំទាមួយក្បាលមកធ្វើម្ហូប​ក្លែមជាមួយមិត្តភក្តិមិនបាន ​។

លោក ឌុក ធីយ៉ា អធិការស្រុកត្រាំកក់ បានឲ្យ​ដឹងថា ជនសង្ស័យឈ្មោះ អ៊ូច អូក ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុ បានវាយឪពុករបស់ខ្លួនឈ្មោះ អ៊ូច អេន អាយុ៦៨ឆ្នាំ បណ្តាលរងរបួសបែកភ្នែកនិងហើមលើចិញ្ចឹមខាងស្តាំ និងថែមទាំងយកជំពាមកៅស៊ូ ដែលបាញ់ទាងាប់ធ្វើម្ហូប​ក្លែមជាមួយមិត្តភក្តិនោះ មកបាញ់ឪពុកចំនួនពីរគ្រប់ទៀតផង តែសំណាងមិនត្រូវ ។

លោកធធិការបន្តថា ការកើតមានហិង្សាលើឪពុក ដោយសុំកូនទាមួយក្បាលធ្វើម្ហូប​ក្លែមស្រា​ជាមួយមិត្តភក្តិមិនបាន គួបផ្សំ ឪពុកស្តីបន្តោសផងនោះ ក៏មានការប្រតាយប្រតប់គ្នា បណ្តាលឲ្យ​ជនរងគ្រោះ ដែលជាឪពុករងរបួសចំចិញ្ចឹមហើមមុខតែម្តង។

តាមចម្លើយសារភាពរបស់ជនសង្ស័យជាកូនបានសារភាពថា មុនពេលកើតហេតុរូបគេកំពុងអង្គុយផឹកស៊ីជាមួយមិត្តភក្តិ តែនៅពេលកំពុងផឹកស៊ីនោះមិត្តភក្តិបានសុំរូបគេឲ្យ​ចាប់ទាមួយក្បាលមកធ្វើគ្រឿងក្លែមតែ រូបគេបាននិយាយថា ចាំឪពុកគេឡើងលើផ្ទះសិន ចាំរូបគេចាប់មកធ្វើម្ហូប។ពេលនោះ ដោយមិត្តភក្តិរំអុកខ្លាំងពេក រូបគេបានទាញ​ជំពាមកៅស៊ូបាញ់ទាមួយគ្រាប់ងាប់ធ្វើឲ្យ ភ្លាមនោះឪពុក ឃើញក៏ស្តីបន្ទោសរូបគេរហូតមានការ ប្រតាយប្រតប់គ្នាតែម្តងទៅ៕

Leave a Reply

Your email address will not be published. Required fields are marked *