ប្រទះឃើញសពបុរសម្នាក់ចងកសមត្ថកិច្ចអះអាងថាមិនពាក់ព័ន្ធនឹងឃាតកម្ម

ខេត្តបាត់ដំបងៈ សមត្ថកិច្ចជំនាញដំបូងឡើយបានដាក់ការសង្ស័យទៅលើសពបុរសម្នាក់ ដែលប្រជា​កសិករ​​ប្រទះឃើញស្លាប់អង្គុយ ដោយមានខ្សែ​ចងពីក្រោយថា ជាអំពើឃាតកម្មយ៉ាងពិត​ប្រាកដ ដោយសារតែការសម្លឹងមើលទៅតាមក្រសែភ្នែក អាចជាការដែលគេសម្លាប់ពីក្រៅ រួចយកមកចងភ្ជាប់នឹងដើមឈើបំភ័ន្តភ្នែកសមត្ថកិច្ច ។ តែក្រោយពេលធ្វើកោសល្យវិច័យយ៉ាងយូររួច ទើបសន្និដ្ឋានតាមជំនាញថា ជនរងគ្រោះពិតជាធ្វើអត្ត ឃាតប្រាកដមែន ។

ការភ្ញាក់ផ្អើលនេះបានកើតមានឡើងកាលពី​វេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃពុធ៨កើត​ខែមាឃ​ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ នៅទួលមួយកន្លែង​កណ្តាល​វាលស្រែ ត្រង់ចំណុចបឹងអំពិល ភូមិជ្រោយស្នា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ដោយសារតែមានប្រជាពលរដ្ឋដើរទៅកាប់ដើមស្នោ ហើយបានប្រទះឃើញមនុស្សស្លាប់​នៅលើទួលក្នុងព្រៃរបោះ ក៏រត់ទៅរាយការណ៍ ។

ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរួចមកសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកបវេលរួមនិងកម្លាំងនគរបាលខេត្តផ្នែកព្រហ្មទណ្ឌ និងបច្ចេកទេសដោយមានលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែនយុត្តិធ៌ម បានចុះទៅត្រួតពិនិត្យសពជនរងគ្រោះ ដែលជាមនុស្សប្រុស អាយុប្រហែល៤៥ឆ្នាំ មិនស្គាល់សាវតា នៅត្រង់ចំណុចកើតហេតុ។នៅពេលនោះសមត្ថកិច្ចជំនាញបានអះអាងថា សពត្រូវបានចង.ក ដោយខ្សែអង្រឹងទៅនឹងដើមពង្រលើដីទួល គឺចុងខ្សែម្ខាងចង.ក និងចុងខ្សែម្ខាងទៀត រុំនឹងប្រអប់ដៃខាងឆ្វេង និងស្លាប់មានលក្ខណៈអង្គុយ អាចមើលមួយភ្លែត គឺនិយាយបានថា វាជាអំពើឃាតកម្មសុទ្ធសាធ តែម្តង។

ក្រោយពីក្រុមជំនាញផ្នែកបច្ចេកទេស វិទ្យាសាស្រ្ត ពិនិត្យសពរួចមក ក៏បានធ្វើការសន្និដ្ឋានថា នេះជាករណីធ្វើអត្តឃាត ដោយខ្លួនឯង មិនក្រោយពី៤៨ម៉ោងនោះឡើយ ដោយសារតែសពមានសភាព​ហើម និងមានក្លិនស្អុយ  ឯរន្ធភ្នែកទាំងសងខាងមានដង្កូវតូចៗ ដោយសារតែជនរងគ្រោះមានហូរទឹកកាម និងលាមកមកជាមួយ ហើយជុំវិញបរិវេណកើតហេតុគ្មានអ្វី ដែលផ្តល់ស្លាកស្នាម ក្នុងករណីសង្ស័យថាជាអំពើឃាតកម្មនោះឡើយ។

លោកស្នងការរងបានសង្កត់ធ្ងន់ថា បើទោះបីជាករណីនេះជាការធ្វើអត្តឃាតក៏ដោយ ក៏លោក និងកម្លាំង​ជំនាញនៅតែបន្តធ្វើការស្រាវជ្រាវ ដើម្បីរកសាវតាជនរងគ្រោះ និងឈានដល់ការដឹងអំពីមូលហេតុដែលនាំឲ្យ​ជនរងគ្រោះធ្វើអត្តឃាតនៅទីឆ្ងាយបែបនេះ ព្រោះនៅក្នុងតំបន់ខាងលើគ្មានអ្នកណាស្គាល់បុរសនេះឡើយ ៕

Leave a Reply

Your email address will not be published. Required fields are marked *