ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខ​ពួក​២នាក់​ត្រូវ​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​ស្វាយ​ប្រទាល​ឃាត់​ខ្លួន​

 

 

 

ខេត្តកណ្ដាល៖​ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខ​ពួក​២នាក់​ត្រូវ​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​ស្វាយ​ប្រទាល​តាម​ដាន​ស្រាវ​ជ្រាវ​ឃាត់​ខ្លួន​ ខណៈ​ដែល​ជន​សង្ស័យ​កំពុង​ធ្វើ​សកម្ម​ភាព​ចែក​ចាយ​សារធាតុញៀន​។ហេតុការណ៍នេះ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ០៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ២៥ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ១៣និង០០នាទី​រសៀល​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លំ​ ក្នុង​ភូមិព្រែកតាតិន ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។

ជនសង្ស័យ​ដែល​ត្រូវ​កម្លាំង​នគរ​បាល​ឃាត់​ខ្លួន​ឈ្មោះ ប៉ែន វណ្ណៈ ភេទ ប្រុស អាយុ​ ២៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្ន ភូូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។​ចំណែក​ឯ​ជន​សង្ស័យ​ម្នាក់​ទៀត​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ ឡេង សេងទ្រី ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិប្រាកដ ទីលំនៅបច្ចុប្បន្នភូមិ ព្រែកតានប់ ឃុំកំពង់ស្វាយស្រុកកៀនស្វាយខេត្តកណ្តាល(គេចខ្លួន)។

តាម​ប្រភព​ព័ត៌មានពី​កម្លាំង​នគរបាលប៉ុស្តិ៍​ស្វាយ​ប្រទាល​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​អោយ​ដឹង​ថា​ នៅ​មុន​ពេល​ឈាន​ដល់​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​ធ្វើ​ការ​តាម​ដាន​ស្រាវ​ជ្រាវ​ព្រម​ទាំង​សហការ​ជាមួយ​ប្រជាពលរដ្ឋ​ក៏​ទទួល​ថា មានករណី ជួញដូរគ្រឿងញៀន នៅចំណុចភូមិ ព្រែកតាតិន ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។ ភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលស្វាយប្រទាល បានទៅដល់ចំណុចកើតហេតុធ្វើការត្រួតពិនិត្យជនសង្ស័យឈ្មោះ ឡេង សេងទ្រី និងឈ្មោះ ប៉ែន វណ្ណៈ កំពុងជិះម៉ូតឌុបគ្នា រំពេចនោះឈ្មោះ ឡេង សេងទ្រីបានឃើញ​កម្លាំង​នគរបាលក៏បោះចោលម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ទៅលើដី រួចរត់គេចខ្លួនបាត់។​បន្ទាប់​មក​កម្លាំង​នគរ​បាល​ឃាត់ខ្លួនឈ្មោះ ប៉ែន វណ្ណៈ រួមនឹងវត្ថុតាង​ថ្នាំ​ញៀន​ចំនួន​០៩កញ្ចប់តូចនឹង​
ម៉ូតូ ចំនួន ០១គ្រឿង ម៉ាក ហុងដា គុបមូល C50 ពណ៌​បៃតងចាស់ គ្មានផ្លាកលេខ បញ្ជូន​ទៅ​ប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាល ដើម្បីសាកសួរ ។

តាម​ចំលើយ​សារភាព​របស់​ជនសង្ស័យ​ឈ្មោះ ប៉ែន វណ្ណៈ នៅចំពោះមុខ​កម្លាំង​នគរ​បាល​បានអះអាងថាគ្រឿងញៀន(ម៉ាទឹកកក)ចំនួន ០៩កញ្ចប់តូចមិនមែនជារបស់ខ្លួនទេជារបស់ឈ្មោះ ឡេង សេងទ្រី ហើយខ្លួនដឹងថាឈ្មោះ ឡេង សេងទ្រី យកមកជួញដូរ។

ខណៈ​នោះឈ្មោះ ប៉ែន វណ្ណៈ បានសារភាពទៀតថា ខ្លួនពិតជាបានប្រើប្រាស់គ្រឿងញៀន(ម៉ាទឹកកក)ជាមួយឈ្មោះឡេងសេងទ្រីជាច្រើនលើកច្រើនសារពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *