ប្រហិតគ្រប់ប្រភេទ និងតៅហ៊ូ ៤៥០ គីឡូក្រាមខូចគុណភាព ត្រូវសមត្ថកិច្ចដុតកម្ទេចចោល

ខេត្តបន្ទាយមានជ័យ៖ នៅពេលថ្មីនេះ កម្លាំងសាខាកាំកុង​ត្រូល​ខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងនគរបាលសេដ្ឋកិច្ចខេត្ត ក្រោមការដឹកនាំផ្ទាល់ដោយ លោក ​ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូល ​ចាប់បានទំនិញ​​​ខូចគុណភាព​ចំនួន ៤៥០គីឡូក្រាម ដែលលួចបង្កប់​ចេញតាម​ច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅភូមិ១ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភណ្ឌ ។

អនុប្រធានសា​ខាកាំកុងត្រូល​ទទួលបន្ទុកទីផ្សារ លោក ហុង លៀង បានឲ្យដឹងថា ទំនិញដែលជំនាញដកហូត និងយកមកដុតកម្ទេចចោលនេះមាន​​ដូចជា ប្រហិតសាច់គោ ប្រហិតសាច់ត្រី ប្រហិតសាច់មាន់ តៅហ៊ូ ប្រហិតត្រីឆ្លាម ប្រហិតសាច់ជ្រូក ដែលគេផ្លាសេទឹកកក​មិនដល់​ទើបដូច្នេះហើយ ទើបធ្វើឲ្យខូចគុណភាព​ហួសកាលបរិច្ឆេទ ត្រូវបានយកទៅដុតកម្ទេចចោលកាលពីរសៀលថ្ងៃចន្ទ ១៣ កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ ២០១៨ ។

លោក ហុង លៀង បានបន្តទៀតថា ការដុតបំផ្លាញទំនិញខូចគុណភាពនេះធ្វើឡើងដើម្បី​ដាស់តឿន​ដល់បងប្អូនពលរដ្ឋ គួរចៀសវាង​ក្នុងកា​រទិញទំនិញ​ដែលខួចគុណភាព យកទៅបរិភោគ អាចមានផលប៉ះពាល់ ដល់សុខភាព ឬក៏កើតមានអាការៈជំងឺផ្សេងៗ​កើតឡើងទៅអនាគត​។

លោក ហុង លៀង បន្តថា ទាំងអស់នេះហើយ ដែលមន្រ្តី​កាំកុងត្រូល តែងតែចុះ​ធ្វើការអប់រំ​នៅតាមទីផ្សារ សាលារៀន ឬកន្លែងផ្សេងៗទៀត ដើម្បីឲ្យប្រជាពលរដ្ឋ បានយល់​ពីរបស់របរ​ដែលខូចគុណភាព និង​ហួសកាលបរិច្ឆេទ មិនគួរទិញយកមកទទួលទាន ៕សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *