កុហក់​បាន​ជាងមួយសប្តាហ៍ដល់ពេល ប្រទះឃើញមុខប្តឹង​កម្លាំងនគរបាល​ចាប់ខ្លួន

 

 

ភ្នំពេញ ៖ បុរសដែលជាជនសង្ស័យម្នាក់ក្រោយពីប្រើល្បិចខ្ចីម៉ូតូទៅទិញគ្រឿងក្លែម បែជាជិះយកទៅបាត់
ធ្វើឲ្យម្ចាស់ស្លន់ស្លោ កាន់រូបថតនិងកាតគ្រី យកទៅប្តឹង​កម្លាំងនគរបាល​ប៉ុស្តិ៍គោកឃ្លាង នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បាត់អស់រយៈពេល៨ថ្ងៃ ស្រាប់តែនៅវេលាម៉ោង១និង៣៥នាទីរសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ​ម្ចាស់ម៉ូតូប្រទះឃើញមុខដោយចៃដន្យ នៅក្នុងផ្ទះជួល ភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រត់ទៅប្តឹង​ឲ្យជួយចាប់ឃាត់ នាំយកទៅប្រគល់អោយនគរបាលប៉ុស្តិ៍គោកឃ្លាងវិញ។

ជនសង្ស័យខាងលើមានឈ្មោះ ចាន់ បុណ្ណារ័ត្ន ហៅ ធួន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ អតីតលក់ដូរ នៅផ្សារឯករាជ្យ៣ ជាមួយជនរងគ្រោះ បច្ចុប្បន្នមកស្នាក់នៅបណ្តោះអាសន្ននៅភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។ ចំណែក ម្ចាស់ម៉ូតូឈ្មោះ ណន សុីម៉ូ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៩៣១ ផ្លូវលំ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ រីឯម៉ូតូដែលជនសង្ស័យយកទៅបាត់ ម៉ាក ហុងដា សេ១២៥ សេរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GO-9008 ។

តាមសម្តី​របស់​ជនរងគ្រោះរៀបរាប់ប្រាប់ឲ្យដឹង​ថា​ គាត់និងជនសង្ស័យជាអ្នកស្គាល់គ្នា គ្រាដែលលក់ដូរ ជាមួយគ្នា នៅផ្សារឯករាជ្យ៣ លុះនៅវេលាម៉ោង៨និង៤៥នាទីយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ កន្លងមក ជនសង្ស័យបានទៅលេងផ្ទះគាត់នៅ ភូមិគោកឃ្លាង បបួលសុំផឹកសុី មួយសន្ធុះ ដោះអាវចេញ ហើយសុំខ្ចីម៉ូតូជិះដោយប្រាប់ថាទៅយកទ្វាខ្វៃ បានកុម្ម៉ង់ទុករួចហើយ ដើម្បីយកមកក្លែម​ ខណៈ​នោះ​នឹកឃើញ​ថា​ ជា​មនុស្សស្គាល់រាប់អានទុកចិត្តគ្នា បានអនុញាតិឲ្យខ្ចីម៉ូតូជិះ​ ថែម​ទាំង​ឃើញអត់ទាំងពាក់អាវទៀត។​រហូត​បានម៉ូតូជិះហើយ អង្គុយរងចាំសាច់ក្លែម ចាំបាត់ៗ អស់ពេញមួយយប់ នៅតែមិនឃើញវិលវិញ។បន្ទាប់​មក​នៅ​ព្រឹកឡើងចូលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ទៅតាមសាកសួរដល់ផ្ទះជួល នៅមិនឃើញ ចុចទូរស័ព្ទក៏លែងចូល ទន្ទឹងរងចាំអស់រយៈពេល៥ថ្ងៃទៅហើយ មិនឃើញវិលវិញអស់សង្ឃឹម មកដល់រសៀលថ្ងៃទី២៩ ខែមករានេះ សម្រេចកាន់រូបថតជនសង្ស័យ និងឯកសារម៉ូតូ ទៅប្តឹង​នគរបាល​ឲ្យជួយស្រាវជ្រាវ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ នៅរសៀលថ្ងៃទី០១ ខែកុម្ភៈឆ្នាំ២០១៨ នេះថា ក្រោយពីទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍គោកឃ្លាងរួចហើយ​មិនអស់ចិត្ត ក៏​ស៊ើបសួរ អ្នករត់ម៉ូតូ ធ្លាប់ស្គាល់ជនសង្ស័យ​ជួយ​តាមដាន។​លុះមកដល់រសៀលថ្ងៃទី០១ នេះស្រាប់តែប្រទះឃើញមុខ ជនសង្ស័យ នៅផ្ទះជួល ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប១ រត់ទៅប្តឹងនគរបាលប៉ុស្តិ៍កាកាប១ ឲ្យជួយទៅចាប់ឃាត់និង នាំយកទៅ ប៉ុស្តិ៍គោកឃ្លាងវិញ ។

ជនសង្ស័យក្រោយពីឃាត់ខ្លួនបាននាំទៅសាកសួរ នៅប៉ុស្តិ៍គោកឃ្លាង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌសែនសុខ ចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕​៩៧

 

 

Leave a Reply

Your email address will not be published. Required fields are marked *