បញ្ជូនជនដៃដល់៦នាក់ដែលបាញ់ប្រហារអ្នកការពារព្រៃឈើទៅសាលាដំបូងខេត្តមណ្ឌលគិរី

មណ្ឌលគិរី៖ នៅព្រឹកថ្ងៃ ចន្ទ ៥រោច ខែ មាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ជនសង្ស៍យ ៦នាក់ ពាក់ព័ន្ធការបាញ់សម្លាប់អ្នកការពារព្រៃឈើ៣នាក់ នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី ហើយត្រូវចាប់ខ្លួនជាបន្តបន្ទាប់ ត្រូវបានសមត្ថកិច្ចបញ្ជូន ទៅសាលាដំបូងខេត្តមណ្ឌលគិរី ដើម្បីបន្តការសួរនាំ បន្ទាប់ពីនៅរសៀលថ្ងៃទី៤ ខែកុម្ភៈឆ្នាំ២០១៨ សមត្ថកិច្ចបានបញ្ជូនទៅតុលាការដើម្បីសួរនាំម្តងរួចមកហើយ ប៉ុន្តែដោយសារពេលវេលាខ្លី ទើបសួរនាំមិនទាន់បញ្ចប់។

 មន្រី្តកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឲ្យដឹងថា ជនដៃដល់ និងជនពាក់ព័ន្ធក្នុងរឿងឃាត​កម្ម​បាញ់សម្លាប់មនុស្សនេះមិនមែនមាន៣នាក់ទេគឺមាន រហូតដល់៦នាក់នាក់ឯណោះ។

យោងតាមដីការបញ្ជូន ចុះថ្ងៃទី៤ ខែកុម្ភៈឆ្នាំ២០១៨ ចុះហត្ថលេខាដោយ លោកឧត្តមសេនីយឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធលើផ្ទៃប្រទេស និងជាមន្រី្តយុត្តិធម៌នៃគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្រ្កាបបទល្មើសធម្មជាតិ បានឲ្យដឹងថា ជនដៃដល់ដែលបញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរីនៅពេលនេះមាន

ទី១៖ ​ឈ្មោះ ផល ពេញ ជានាយនគរបាលប៉ុស្ដិ៍អូររលែ នៃវរការពារព្រំដែនលេខ៦២១ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ត្រូវបានចាប់ខ្លួននៅព្រឹកថ្ងៃ ទី០២ ខែកុម្ភៈ ស្ថិតនៅហាងគុយទាវមួយកន្លែង ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ គឺជាអ្នកបាញ់ផ្ទាល់ទៅលើជនរងគ្រោះទាំង៣នាក់
ទី២៖ ឈ្មោះ កើត វេហា ហៅឆៃ ជាទាហានការពារព្រំដែន ត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃទី៣១ ខែមករា ជាជនពាក់ព័ន្ធ
ទី៣៖ ឈ្មោះ កើត វេតា ជាទាហានការពារព្រំដែន
ទី៤៖ ឈ្មោះ ឡាយ សាវី ជាទាហានការពារព្រំដែន
ទី៥៖ ឈ្មោះ ទន់ ធារ៉ា ជាមន្ដ្រីនគរបាលប៉ុស្ដិ៍អូររលែ ដែលអ្នកទាំង៣នេះ ត្រូវបានចាប់ខ្លួននៅយប់ថ្ងៃទី០១ ខែកុម្ភៈ
ទី៦៖ ឈ្មោះ ឈាង វ៉ាន់និត ប្អូនថ្លៃ ផល ពេញ ត្រូវបានចាប់ខ្លួននៅរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨។

ជាមួយនេះដែរសមត្ថកិច្ចរឹបអូសកាំភ្លើងវែងធុនអាកា ១ដើម បង់១ មានគ្រាប់២០គ្រាប់ រថយន្ត១គ្រឿង ទូរស័ព្ទដៃ ៩គ្រឿង ថ្មសាកមួយគ្រឿង GPS ១គ្រឿង និងមួកប៉ារ៉ា ១ ។

សូមបញ្ជាក់ថា  មន្ដ្រីកងរាជអាអាវុធហត្ថលើផ្ទៃប្រទេសម្នាក់ឈ្មោះ សេក វឌ្ឍនា, មន្ដ្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីម្នាក់ ឈ្មោះ តើន សុខណៃ និងបុគ្គលិកអង្គការសមាគម អភិរក្សាសត្វព្រៃ Wildlife Conservation Society (WCS) ម្នាក់ឈ្មោះ ថុល ខ្នា ត្រូវជនដៃដល់ទាំង៦នាក់បាញ់សម្លាប់នៅចំណុចប៉ុស្ដិ៍អូររលែ ក្នុងភូមិសាស្ដ្រភូមិ​ពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី នៅចន្លោះម៉ោង៤ ទៅម៉ោង៥ល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ គ្រាដែលចុះទៅការពារធនធានធម្មជាតិនៅតំបន់នោះ ៕សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *