ហុងដា បុករ៉ឺម៉កម៉ូតូ ក្រឡាប់ខ្ចាយពងមាន់ ពងទាពេញផ្លូវ

ខេត្តព្រៃវែងៈ ម៉ូតូហុងដាឌ្រីមមួយគ្រឿង ត្រូវម្ចាស់បើក បោលបុករ៉ឺម៉កម៉ូតូដឹកពងមាន់ពងទា ទាំងកំរោលបណ្ដាលឲ្យរ៉ឺម៉កក្រឡាប់ចូលរណ្តៅផ្លូវកំពុងជួសជុលខ្ចាយពងមាន់ពងទាពេញ ផ្លូវ និងធ្វើឲ្យមនុស្សម្នាក់ រងរបួសត្រូវបានអ្នកភូមិបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ។

ឧប្បត្តិហេតុនេះកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃចន្ទ ៥រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចមុខផ្ទះស្រីឡយ លើផ្លូវជាតិលេខ ១១ នៅភូមិជោគជ័យ ឃុំបាបោង ស្រុកពាមរក៍ ខេត្តព្រៃវែង។

សមត្ថកិច្ចនគរបាលចរាចរស្រុកពាមរក៍បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងម៉ូតូ ម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2F-4099 បើកបរដោយឈ្មោះ ជៀវ អ៊ុន ភេទស្រី អាយុ ៤៥ឆ្មាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅភូមិកោះតាជោ ឃុំកោះតាជោ ស្រុកលើកដែក ខេត្តកណ្តាល បើកបរពីជើងទៅត្បូង រងរបួសក្បាលត្រូវបានគេដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗ ។ម៉ូតូនេះពេលជិះមកដល់កន្លែងកើតហេតុបានបត់ឆ្វេងមិនប្រយ័ត្ន ក៏ទៅបុក រ៉ឺម៉កម៉ូតូដឹកពងមាន់ពងទា ដែលបើកបរដោយ ឈ្មោះ វន ជីវន្ន័ ភេទប្រុស អាយុ ១៩ឆ្មាំ ជនជាតិខ្មែរ ស្នាក់នៅភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បណ្តាលឲ្យក្រឡាប់ធ្លាក់ចូលរណ្តៅដី ជួសជុលផ្លូវខ្ចាយពងមាន់ពងទា ពេញផ្លូវ ។ ប្រភពដដែលបានឲ្យដឹងទៀតថា ខាងរ៉ឺម៉កម៉ូតូមានអ្នករួមដំណើរម្នាក់ឈ្មោះ វន ធារ៉ា ភេទប្រុស អាយុ១៦ឆ្មាំ ជនជាតិខ្មែរ រងរបួសស្រាល។ បន្ទាប់មកសមត្ថកិច្ចបានយកយានយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពាមរក៍ ដើម្បីដោះស្រាយគ្នានៅពេលក្រោយ ៕

Leave a Reply

Your email address will not be published. Required fields are marked *