លោក ជាវ តាយ ចាប់ផ្តើមមានចំណាត់ការកែលម្ អសោភ័ណភាពក្រុងកំពត

ខេត្តកំពតៈ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពតដែលទើប​ចូលទៅកាន់​ដំណែង​ថ្មីៗ បានថ្លែងក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តកំពត នៅរសៀលថ្ងៃអង្គារ​៦រោច​ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ថា “ខ្ញុំមិនអាច​ទ្រាំមើល​ក្រុងកំពតសុទ្ធតែធូលីដី និងសំរាមបាន​ទេ”លោកថា ពាក្យថា “ក្រុង” មានន័យថា ជាកន្លែង​មួយ​ពោរពេញដោយសោភ័ណភាពទាក់ទាញ ដោយហេដ្ឋារចនាសម្ព័ន្ធរូបបវ័ន្ត មានការតុប​តែងលម្អ ការដាក់ភ្លើងបំភ្លឺ ការរក្សាអនាម័យស្អាត និងមានបរិស្ថានល្អ។ ដូច្នេះ លោកមិនអាច​មើលឃើញ ក្រុងកំពតមានធូលីដី និងសំរាមបានទេ ដូច្នេះលោកបានបង្កើត​គណៈកម្មការ​ក្រុមការងារមួយ ដើម្បីត្រួតពិនិត្យ កែលម្អសោភ័ណភាពក្រុង និងបានបញ្ជាឲ្យមន្ទីរ អង្គភាព​ពាក់ព័ន្ធនានា ជុំវិញខេត្តជួយរួមគ្នាធ្វើការងារនេះឲ្យលឿន តាមដែលអាចធ្វើបាន។

លោកបន្តថា ក្រុងកំពត បង្គោលភ្លើងបំភ្លឺ មានចំនួនតិច អំពូលភ្លើងខ្លះដាច់ មិនព្រមដូរ បង្គោល​​អំពូលខ្លះទៀតហ៊ំព័ទ្ធដោយមែកឈើមិនព្រមកាប់ ហើយមាន​កន្លែងខ្លះហាក់បី​ដូចជា​ទ្រុឌទ្រោមត្រូវកែលម្អឡើងវិញ។ ចំណែកឯអនាម័យ និងបរិស្ថានពោពេញដោយសំរាម និង​ធូលីដី ។ ដើម្បីកែលម្អ និងលប់បំបាត់ ចំណុចទាំងនេះ លោកបានបង្កើត​គណៈកម្មការ​ក្រុម​ការ​ងារមួយ ដើម្បីត្រួតពិនិត្យ កែលម្អ និងថែរក្សាអនាម័យ បរិស្ថានល្អ ដែលមានលោក នៃ គង់ អភិបាលរងខេត្ត ជាប្រធានដឹកនាំ និងលោក ចៅហ្វាយក្រុង ជាអនុប្រធានអចិន្ត្រៃយ៍ ។

លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ចៅហ្វាយក្រុង ត្រូវទទួលខុសត្រួវដោះស្រាយ និង​សម្របសម្រួលរាល់បញ្ហាទាំងអស់នៅក្នុងក្រុង មិនត្រូវឆ្លើយថាមិនដឹង ឬទម្លាក់បន្ទុក​ឲ្យមន្ទីរ ឬ អង្គភាពណាមួយនោះទេ ហើយបើដោះមិនចេញទេ រុញទៅគណៈកម្មការ​ត្រូតពិនិត្យ កែលម្អសោភ័ណភាពក្រុង ហើយបើនៅមិនចេញទៀត ទើបលោកជួយ​ធ្វើអន្តរាគមន៍។

ជាមួយនោះដែរ លោកបានស្នើឲ្យរដ្ឋបាលសាលាខេត្ត រៀបចំធ្វើសេចក្តីសម្រេចលើ​ការងារ​ខាង​លើជាបន្ទាន់ និងដោយមានការចូលរួមជួយពីមន្ទីរ អង្គភាពពាក់ព័ន្ធ ក្នុងការងារកែលម្អ​សោភ័ណភាពក្រុងកំពត ។ ចំណែកមន្ទីរអប់រំ និងបរិស្ថាន ត្រូវរួមគ្នាជួយ ដឹកនាំដើរប្រមូល ធ្វើម៉េចឲ្យក្រុងមានសោភ័ណភាពល្អ ។

ឯ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកបានបញ្ជាឲ្យបើកការដ្ឋានជាបន្ទាន់ ក្នុងសាង​សង់​​ផ្លូវដែលលោកបានកំណត់ និងជួយដើរកាត់មែកឈើដែលបាំងអំពូលភ្លើងចេញ ហើយ​អង្គ​ភាពអគ្គិសនីត្រូវដូរអំពូលដែលដាច់ ហើយនិងត្រូវត្រៀមកម្លាំងជួយដាក់​បង្គោលអំពូល​ភ្លើង ដែលលោកបានទំនាក់ទំនងទិញជាច្រើនរយបង្គោលបន្ថែមទៀត ដើម្បីបំភ្លឺក្រុង​កុំឲ្យ​ងងឹត។ មន្ទីរទេសចរណ៍ត្រូវពិចារណាឡើងវិញនៅ បរិវេណជុំវិញផ្សារសាមគ្គីកំពត ត្រូវដាក់​បង្គោលប៉ាណូ បង្ហាញអំពីតំបន់ទេចរណ៍ទាំង១៧ មិនមែនដាក់ប៉ាណូ​ផ្សាយពាណិជ្ជ​កម្ម​ឲ្យក្រុម​ហ៊ុនដូចសព្វថ្ងៃនោះទេ ។ លោកអភិបាលខេត្តក៏បានបញ្ជាក់ឲ្យដឹងផងដែរថា លោក​គ្រោង​នឹង​បង្កើតផ្សារផលិតផលផ្លែឈើខេត្តកំពតមួយ ក្នុងពេលឆាប់ៗ ដោយមិនឲ្យ​អាជីវករ​ណាបន្លំផលិតផលកំពតបានទេ ព្រោះវាធ្វើឲ្យបាត់​អត្តសញ្ញាណរបស់ខេត្ត ពិសេស ម្រេចនិង​ធូរ៉េនកំពត ។ដូច្នេះមន្ត្រីថ្នាក់ដឹកនាំត្រូវទទួលខុសត្រូវតាមតួនាទីរៀងៗខ្លួន នឹងត្រូវជួយ​នាំ​ប្រជាពលរដ្ឋឲ្យសម្អាតផ្ទះ លាបថ្នាំផ្ទះ អគារ និងស្ពានដែលចាស់ អាជីវករត្រូវលក់ដល់យប់ មានភ្លើងបំភ្លឺ មិនមែនល្ងាចបន្តិច បិទទ្វារ បិទភ្លើងងងឹតឈឹងនោះទេ ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *