ជនសង្ស័យ​ចំនួន​៥នាក់​ត្រូវ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​ជ្រោយ​ចង្វារ​​ចាប់​ឃាត់​ខ្លួន​

 

 

ភ្នំពេញ៖ ជនសង្ស័យចំនួន ៥នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ សហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការចុះបង្ក្រានករណីជួញដូរ និងចែកចាយគ្រឿងញៀន មួយកន្លែង កាលពីវេលម៉ោង ១និង៤០នាទីរសៀល ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលស្ថិតនៅក្នុងរោងកម្មករ ក្នុងបុរីដឺកមេង្គរ៉ូយ៉ាល ភូមិខ្ទរ សង្កាត់ព្រែកលៀក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង ៥នាក់ខាងលើដែលត្រូវឃាត់ខ្លួននោះ ទី១-ឈ្មោះ សន វាសនា ភេទប្រុស អាយុ ៣៥ឆ្នាំ ទី២-ឈ្មោះ សុខ ជា ភេទប្រុស អាយុ ២៥ឆ្នាំ ទី៣-ឈ្មោះ ប្រាក់ ទិត្យ ភេទប្រុស អាយុ ២០ឆ្នាំ ទី៤-ឈ្មោះ អៀម រតនា ភេទប្រុស អាយុ ១៨ឆ្នាំ និងទី៥-ឈ្មោះ ធី សីលា ភេទប្រុស អាយុ ២៥ឆ្នាំ បច្ចុប្បន្នអ្នកទាំង ៥នាក់ខាងលើមានមុខរបរ កម្មករសំណង់ស្នាក់នៅភូមិកើតហេតុខាងលើ។

តាមប្រភពព័ត៌មានពីមន្ត្រីកងរាជអាវុធហត្ថខណ្ឌ បានប្រាប់អោយដឹងថា មុនពេលកម្លាំងកងរាជអាវុធខណ្ឌជ្រោយចង្វារ បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់ការឆ្មក់ចូលបង្ក្រាបទីតាំង មួយកន្លែងនៅក្នុងរោងកម្មករ ក្នុងបុរីដឺកមេង្គរ៉ូយ៉ាល ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន ៥នាក់ ដកហូតថ្នាំញៀនចំនួន ៦កញ្ចប់ក្នុងមាន ២កញ្ចប់ធំ ដាវសាំម៉ូរ៉ៃចំនួន ២ដើម ឧបករណ៍ប្រើប្រាស់មួយចំនួន និងម៉ូតូ មួយគ្រឿង ម៉ាក ហុងដាសង់ ស៊េរីឆ្នាំ២០១៥ ភ្នំពេញ 1CQ-8762 ហើយកម្លាំងកងរាជអាវុធហត្ថយើងបាននាំខ្លួនជនសង្ស័យខាងលើមកកាន់មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ ដើម្បីសួរនាំ។
ក្រោយពីធ្វើការសាកសួរជនសង្ស័យខាងលើរួចមក កម្លាំងកងរាជអាវុធហត្ថខណ្ឌ បានបញ្ជូនជនសង្ស័យទាំងនោះទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕បញ្ញា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *