ស្ទូចទាំងរថយន្តនិងម្ចាស់ទៅពិន័យពេលជិះរថយន្តទើបទិញមិនបង់ពន្ធនិង​មិនទាន់ធ្វើស្លាកលេខ

ខេត្តបាត់ដំបង​ ៖​ ​រថយន្តតូយ៉ូតាព្រូស​ថ្មីច្រឺងមួយ​គ្រឿង​ ត្រូវ​បាន​សមត្ថកិច្ចពន្ធដារខេត្តបាត់ដំបង​ស្ទូច​ទាំងម្ចាស់ជិះច្រើននាក់ក្នុងរថយន្តនាំ​យក​មក​រក្សា​ទុក​នៅ​ការិយាល័យនគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្តបាត់ដំបង ដោយសារ​ ដោយ​ពួក​គេ​មិន​ព្រម​ចុះ​ចេញពី​រថយន្ត​ឡើយ​ ខណៈ​ដែល​រថយន្ត​នេះ​បាន​និង​កំពុង​ធ្វើ​ចរាចរណ៍​នៅ​តាម​ដងផ្លូវ​ដោយ​គ្មាន​ស្លាក​លេខ​ ហើយ​ក៏​ត្រូវ​អង្គភាព​ពន្ធដារ​ចាប់ឲ្យបង់ពន្ធ​ ។​

​ហេតុការណ៍​នេះបង្កឲ្យភ្ញាក់ផ្អើលកាលពីវេលា​ម៉ោង​៤​និង​០៤​នាទីរសៀល​ថ្ងៃ​ទី​៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ ត្រង់​ចំណុច​ភូមិ​ក្បាលថ្នល់​ឃុំ​កំពង់​ព្រៀង​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង។

​ នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ​ កម្លាំង​ជំនាញ​បាន​ធ្វើការ​ឃាត់​រថយន្ត​មួយ​គ្រឿង​ ដែល​គ្មាន​ស្លាក​លេខ​ ម៉ាក​តូ​យ៉ូ​តា​ ព្រូស​ ពណ៌​ក្រហម​ ផលិត​ឆ្នាំ​២០១៥​ ជា​កម្មសិទ្ធិ​របស់​ឈ្មោះ​ ឡៃ​ ស្រី​លាវ​ រស់នៅ​ភូមិ​ទួល​ពង្រ​ ឃុំ​ទួល​ពង្រ​ ស្រុក​ម៉ា​ឡៃ​ ខេត្តបន្ទាយមានជ័យ​ដែល​កំពុង​បើកបរ​ក្នុង​ទិស​ដៅ​ពី​ភ្នំពេញ​ ទៅ​បាត់ដំបង​។​

​​ការ​ឃាត់​រថយន្ត​នេះ​ ត្រូវ​បាន​ស្រ្តីជា​ម្ចាស់​រថយន្ត​អះអាង​ថា​ខ្លួន​ទើបនឹង​ទិញ​មក​ពី​ឃ្លាំង​នៅ​ក្រុងភ្នំពេញ​ បាន​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ ដោយ​គ្រោង​នាំ​យក​មក​បង់ពន្ធនិងធ្វើស្លាកលេខ​ នៅ​ខេត្តបន្ទាយមានជ័យ​ ហើយ​ក៏​ត្រូវ​អង្គភាព​ជំនាញ​ចាប់​តែ​ម្តង​។​

​ស្រី្តម្ចាស់រថយន្តបានឲ្យដឹងទៀតថា​ គាត់ត្រូវ​បាន​អង្គភាព​ពន្ធដារ​បង្ខំ​ឲ្យ​ផ្តិត​មេដៃ​ លើ​លិខិត​ដកហូត​មួយ​ ហើយ​តម្រូវ​ឲ្យ​បង់ប្រាក់​មួយចំនួន​ ព្រមទាំង​សុំ​ឲ្យពួក​គាត់​លុប​រូបភាព​ដែល​ថត​ទៅ​លើ​ក្រុមការងារ​ចោល​ផង​ដែរ។​ ប៉ុន្តែ​ក្រោយ​ពី​ពួក​គាត់​មិន​ព្រម​ផ្តិត​មេដៃ​ និង​មិនព្រមបង់ប្រាក់​ ស្រាប់តែ​មន្ត្រី​ពន្ធដារ​ម្នាក់​ ដែល​ជា​ប្រធាន​ការិយាល័យ​ ពន្ធដារ​ស្រុក​ឈ្មោះ​ ទែន​ ជំនិត​ ហែក​ឯកសារ​នោះ​ចោល​តែ​ម្តង​ ព្រមទាំង​បាន​បញ្ជា​ឲ្យកូនចៅយករថយន្ត​ស្ទូច​មកស្ទូចនាំ​យក​រថយន្ត​​នេះ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាលចរាចរណ៍​ផ្លូវគោក​ខេត្តជា​បណ្តោះអាសន្ន​ដោយក្នុងនោះស្ទូចទាំងគាត់ម្ចាស់​រថយន្ត​និង​ក្មេង​តូចៗ​ពីរ​ បី​ នាក់ជិះមកជាមួយ​ ដោយសារគាត់មិន​ព្រម​ចុះ​ចេញពី​រថយន្ត​។

​ប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍នេះបានឲ្យដឹងថា ខណៈ​ដែល​ភាគី​រថយន្ត​មក​ដល់​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​គឺ​មាន​អ្នក​សារព័ត៌មាន​ចោមរោម​សាកសួរ​ ដោយសារ​មាន​ច​ម្ង​ល់​ ហើយនាំគ្នានិយាយ​យ៉ាងធ្ងន់ៗទៅ​លើ​អង្គភាព​សាខា​ពន្ធដារ​ខេត្ត​ ដែល​កំពុង​កៀប​ និង​ជម្រិត​យក​ប្រាក់​ព្រមទាំង​បង្ខំ​ឲ្យម្ចាស់​រថយន្ត​ផ្តិត​មេដៃ​ ដោយ​មិន​បាន​អាន​ខ្លឹមសារ​ឲ្យគេ​ស្តាប់​បន្តិច​សោះ​ ។​

​ជុំវិញ​បញ្ហា​នេះ​ដែរ​ នៅ​វេលា​ម៉ោង​ប្រមាណ​ ៩​យប់​ ថ្ងៃ​ដដែល​ មន្ត្រី​ពន្ធដារ​ចំនួន​៣​ រូប​ដែល​ដឹកនាំ​ដោយ​លោក​អនុប្រធាន​ ទូច​ សុ​ទ្ធី​ បាន​ចូល​មក​បំភ្លឺ​ថា​ ការ​ឃាត់​រថយន្ត​នេះ​កម្លាំង​របស់​លោក​រក​ឃើញ​ឯកសារ​គឺ​មាន​តែ​ បង្កាន់ដៃ​នាំ​ចូល​តែ​ប៉ុណ្ណោះ​ គឺ​ចូល​មក​តាំងពី​ថ្ងៃ​ទី​១៦​ ខែធ្នូ​ ឆ្នាំ​២០១៥​ ម្ល៉េះ​ រីឯ​លិខិត​លក់​ ទិញ​ ពី​ឃ្លាំង​ណាមួយ​នោះ​ គឺ​ស​ស្អាត​ដោយ​គ្មាន​សរសេរ​អ្វី​ទាំងអស់​ ហាក់​មាន​ចេតនា​ ឬ​គំនិត​ទុច្ចរិត​អ្វីមួយ​។​

​លោក​អនុប្រធាន​បាន​បន្ថែម​ថា​ ដោយសារ​បញ្ហា​នេះ​ គឺ​អង្គភាព​ត្រូវ​ធ្វើការ​ពិន័យ​ទៅ​តាម​បង្កាន់ដៃ​ពន្ធ​នាំ​ចូល​ មាន​ន័យ​ថា​ រថយន្ត​នេះ​មិន​បាន​បង់ពន្ធ​ ចូល​រដ្ឋ​ ចំនួន​៣​ឆ្នាំ​មក​ហើយ​ ចំណែក​ប្រាក់​១០​ម៉ឺនរៀល​ ដែល​មន្ត្រី​លោក​តម្រូវ​ឲ្យបង់​នោះ​ លោក​សុំ​ធ្វើការ​បំភ្លឺ​ថា​ ហេតុផល​មាន​២​ចំណុច​ ទី​១៖​ត្រូវ​ឲ្យម្ចាស់​យានយន្ត​បង់ពន្ធ​ឲ្យ​គ្រប់​ចំនួន​នៅ​នឹង​កន្លែង​ចុះ​ប្រតិបត្តិការ​ ទើប​ចេញ​បណ្ណ​ជូន​,​ ទី​២៖​ ការ​ចេញ​លិខិត​តម្រូវ​ឲ្យ​ម្ចាស់​យានយន្ត​បង់ប្រាក់​មួយចំនួននេះ​ មិនមែន​មាន​ន័យ​ថា​ទាមទារ​នោះ​ទេ​ គឺ​ឲ្យ​ម្ចាស់​​ដាក់​ប្រាក់​ធានា​ ដើម្បី​ឲ្យ​គាត់​ត្រឡប់​មក​បង់ពន្ធ​វិញ​ឲ្យបាន​គ្រប់​ចំនួន​ ដោយសារ​តែ​ឃើញ​ពួក​គាត់​មាន​ក្មេង​តូច​ច្រើន​។​

​យ៉ាងណា​នៅ​យប់​នោះ​ ជម្លោះនេះត្រូវ​បាន​រំសាយ​សិន​ដោយ​ភាគី​ទាំង​សងខាងសន្យា ​ជួប​គ្នា​វិញ​នៅ​ព្រឹក​ថ្ងៃ​ទី​ ៨កុម្ភៈ ​ ប៉ុន្តែ​រហូត​មក​ទល់​នឹង​ថ្ងៃត្រង់​ថ្ងៃដដែលទៅ​ហើយ​ គេ​មិន​បានឃើញ​ម្ចាស់រថយន្ត​​ចូលខ្លួន​មក​ដោះស្រាយទេ ទើបសមត្ថកិច្ចចាត់ការតាមច្បាប់ ៕សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *