ម៉ូតូបុកម៉ូតូ ស្លាប់ទាំងសងខាង

ខេត្តតាកែវ: គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់មួយកើតឡើងម៉ូតូពីរគ្រឿងបុកគ្នាលាន់ស្នូរដូចរន្ទះ បណ្ដាលឲ្យបុរស២ នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែង កាលពីវេលាម៉ោង១០ និង១៥នាទីយប់ថ្ងៃសៅរ៍ ១០រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ២ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៧៦-៧៧ ស្ថិតក្នុងភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ។

នគរបាលចរាចរក្រុងដូនកែវបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ យី ចេក ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិរលួស ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ ។​ជនរងគ្រោះរូបនេះ ជិះម៉ូតូម៉ាក ហុងដាសេ១២៥ ស៊េរី២០១៥ គ្មានស្លាកលេខ មកដល់ចំណុចខាងលើ បានបុកជាមួយម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាស្គូពី ពណ៌ស លាយផ្កាឈូក ពាក់ស្លាកលេខភ្នំពេញ 1CQ-1350 បើកបរដោយឈ្មោះ សយ វណ្ណ: ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិតុំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ លាន់ដូចរន្ទះ។ ករណីនេះធ្វើឲ្យអ្នកជិះម៉ូតូទាំងសងខាង ស្លាប់ភ្លាមៗនៅនឹងកន្លែងដូចគ្នា ខណៈបើកម៉ូតូលឿនដូចគ្នាដែរនោះ។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលចរាចរបានចុះទៅដល់កន្លែងកើតហេតុរួច វាស់វែង ដោយមិនទាន់ដឹងថាភាគីណាខុសត្រូវនោះទេដោយកំពុងរកសាក្សីជួយបំភ្លឺនៅឡើយ ។ជាមួយគ្នានេះដែរសមត្ថកិច្ចដកហូតវត្ថុតាង មករក្សាទុកនៅអធិការដ្ឋាននគរបាល​ក្រុងដូនកែវដើម្បីដោះស្រាយតាមច្បាប់ ចំណែកសាក​សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ​យកធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន ៕សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *