ត្រួតពិនិត្យស្ថានីយ៍ប្រេង៤ទីតាំងនៅផ្លូវជាតិលេខ១ រកឃើញ២ស្ថានីយ៍លក់មិនត្រឹមត្រូវ

ភ្នំពេញ: អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃ អង្គារ ១៣  រោច ខែ មាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១២​ ខែកុម្ភ:​ ឆ្នាំ២០១៨​ ក្រុមការងារត្រួតពិនិត្យ​ប្រេងឥន្ធន:​រួមជា​មួយ រថយន្តមន្ទីរពិសោធន៍ចល័តប្រេងឥន្ធន:​ របស់កាំកុងត្រូលបានចុះត្រួតពិនិត្យគុណ​ភាព​ បរិមាណ និងថ្លៃលក់រាយប្រេងឥន្ធន:របស់ស្ថានីយ/ដេប៉ូ នៅតាមបណ្តោយផ្លូវ​ជាតិលេខ​១ ក្នុងខណ្ឌច្បារអំពៅ បានចំនួន៤ទីតាំង។

មន្រី្តកាំកុងត្រូលបានឲ្យដឹងថា ជាលទ្ធផល សមត្ថកិច្ចបានត្រួតពិនិត្យទីតាំងចំនួន៤នេះ រកឃើញថា ទីតាំងទី១ ខុសបរិមាណ​(មិនគ្រប់ចំណុះលីត្រ) , ទីតាំងទី២ ខុសទាំងគុណភាព​ និងបរិមាណ(យកសាំងធម្មតា ធ្វើជាសាំងស៊ូពែរ)​ ទីតាំងទី៣និង ទី៤  , ត្រូវទាំងគុណភាព​ និងបរិមាណ​ ហើយតម្លៃលក់រាយត្រឹមត្រូវតាមការកំណត់របស់​ក្រសួងពាណិជ្ជកម្មទាំង​៤ទីតាំង។

មន្រ្តីកាំកុងត្រូលបានអំពាវនាវដល់ស្ថានីយ៍ប្រេងឥន្ធនៈទាំងអស់ ត្រូវតែអនុវត្តតាមការណែនាំ របស់ក្រសួងពាណិជ្ជកម្ម ក្នុងការលក់ប្រេង សាំង ម៉ាស៊ូត និងប្រេងផ្សេងទៀតជូនអតិថិជន​ឲ្យត្រូវ​តាមស្តង់ដារ និងគ្រប់ចំណុះ ។ ប្រសិនបើថ្ងៃក្រោយអគ្គនាយកដ្ឋានកាំកុងត្រូលត្រួត​ពិនិត្យ​ឃើញ​មាន​ភាព​មិនប្រក្រតីនឹងត្រូវពិន័យ ឬ បញ្ជូនសំណុំរឿងទៅតុលាការវិនិច្ឆ័យ​តាមច្បាប់ ៕ អូន ធួក

 

Leave a Reply

Your email address will not be published. Required fields are marked *