នារីម្នាក់ត្រូវបានសង្សារ ជាមន្ត្រីយោធាបាញ់សម្លាប់ នៅផ្ទះសំណាក់ «សារីធំ» ជួលបន្ទប់លេខ៤០៤ ជាន់ឡៅតឿ បណ្តាលឲ្យធ្លាយគ្រាប់ភ្នែក ស្លាប់ភ្លាមៗ១២និង៤០នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រួចជនដៃដល់គេចខ្លួនបាត់ ។
អ្នកមើលការខុសត្រូវផ្ទះសំណាក់ខាងលើ បានប្រាប់ថាសមត្ថកិច្ច មុនពេលកើតហេតុជនសង្ស័យ និងជនរងគ្រោះបានជិះម៉ូតូមួយគ្រឿង ម៉ាក MSX ពណ៌ស ស្លាកលេខ 4399 មកជួលបន្ទប់ខាងលើ ដើម្បីស្នាក់នៅ គឺមួយខែអ្នកទាំងពីរ មកជួលស្នាក់នៅ២ទៅ៣ដង។លុះនៅយប់កើតហេតុនេះ មានឮសំឡេង ផ្ទុះអាវុធមួយគ្រាប់ ស្រាប់តែឃើញជនសង្ស័យ បានចុះមកក្រោមវិញតែម្នាក់ឯង។
ភ្លាមៗនោះសន្តិសុខ ដែលយាមនៅផ្ទះសំណាក់បាននាំគ្នាឃាត់ តែជនសង្ស័យនៅតែចេញបាន ប្រតាយប្រតប់គ្នាផងដែរ តែដោយសារជនសង្ស័យមានអាវុធខ្លី នៅនឹងចង្កេះទើបសន្តិសុខ មិនហ៊ានឃាត់តទៅទៀត ខ្លាចជននោះបាញ់ថែម ទើបជនសង្ស័យរូបនោះ មានឱកាសយកម៉ូតូជិះចេញពីកន្លែងកើតហេតុ រួចគេចខ្លួនបាត់ស្រមោលតែម្តង។
គេនៅមិនទាន់ស្គាល់ឈ្មោះស្រី្តរងគ្រោះនៅឡើយទេ គ្រដែលក្រុមសង្រ្គោះដឹកទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដោយគ្មានសាច់ញាតិនៅជាមួយ ៕ អូន ធួក