សិស្សស្រីម្នាក់ត្រូវឃាតករំលោភរួចសម្លាប់យកទៅញាត់ក្រោមកំប្លោកក្រោយអនុវិទ្យាល័យ

ខេត្តព្រៃវែង ៖ ​សាកសព​យុវតី​ម្នាក់ ត្រូវបានសិស្សសាលា​បាន​ប្រទះឃើញនៅក្នុង​ស្រះ​ទឹក​មាន​កំប្លោក ខាងក្រោយ​បន្ទប់រៀន ក្នុង​អនុវិទ្យាល័យ​បា​ខៅ ក្នុងភូមិ​ព្រៃ​ផ្តៅ ឃុំ​ស្តៅ​កោង ស្រុក​បាភ្នំ ខេត្តព្រៃវែង កាលពីព្រឹក ថ្ងៃចន្ទ ៥កើត ខែ ផល្គុន ឆ្នាំរកា នព្វស័ក ពស ២៥៦១ ត្រូវនឹង​ថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០១៨ ។

សព​យុវតី​ខាងលើនេះ ត្រូវបាន​គេ​ស្គាល់​ថា​ឈ្មោះ សុខ ចាន់​ថង អាយុ១៣ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុខាងលើ ហើយត្រូវសមត្ថកិច្ច​ធ្វើការ​សន្និដ្ឋានថា នាងត្រូវ​ឃាតក​ចាប់រំលោភ​រួច​សម្លាប់ចោល ដើម្បី​បំបិទ​ភស្តុតាង ព្រោះនៅលើ​ដងខ្លួន ឃើញ​មាន​សា្ន​ម​ជាំ​ជាច្រើន​កន្លែង រីឯ​សម្លៀកបំពាក់​ក៏មាន​ស្នាម​រហែកដុំៗផងដែរ ​ ។

បុរស​ឈ្មោះ សុខ និ​ន អាយុ៥៨ឆ្នាំ ដែល​ត្រូវជា​ជីតា​យុវតី​រងគ្រោះ បាន​ឲ្យ​ដឹងថា កាលពី​រសៀល​ថ្ងៃទី១៥ កុម្ភៈ យុវតី​រងគ្រោះ​បាន​ចេញពីផ្ទះ​ទៅ​សាលារៀន នៅ​អនុវិទ្យាល័យ​បា​ខៅ ដូច​ថ្ងៃ​ធម្មតា ហើយក៏​បាត់​ខ្លួន​រហូត​មិនឃើញ​មក​ផ្ទះ​វិញ។ បន្ទាប់មកក្រុមគ្រួសារ ក៏បាន​ចេញ​ដើររក​ពេញ​មួយ​ល្ងាច តែ​រក​មិនឃើញ​ទើប​ព្រឹក​ឡើង​ថ្ងៃទី១៦ កុម្ភៈឆ្នាំ២០១៨ ជីតា​សពបាន​ទៅ​ដាក់ពាក្យ​ប្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ស្តៅ​កោងដើម្បី​ឲ្យ​ជួយ​តាមរក​ចៅស្រី។ ​ក្រោយពី​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម កម្លាំង​សមត្ថកិច្ច​ក៏បាន​រាយ​កម្លាំង​តាមរក​គ្រប់​ច្រកល្ហក​ដែរ ប៉ុន្តែ​ពុំ​ប្រទះឃើញ​យុវតី​រងគ្រោះ​ឡើយ។ លុះ​មកដល់​វេលា​ម៉ោង៨ និង១៥នាទី ព្រឹក​ថ្ងៃទី១៩ កុម្ភៈ ទើប​សមត្ថកិច្ច​ទទួល​បាន​ព័ត៌មាន​ពី​លោកគ្រូ​បង្រៀន​នៅក្នុង​អនុវិទ្យាល័យ​បា​ខៅ ថា មាន​សិស្ស​ប្រទះឃើញ​សព​នៅក្នុង​ស្រះ​កំប្លោក​ខាងក្រោយ​ថ្នាក់រៀន។ លុះ​ពេល​សមត្ថកិច្ច​ទៅដល់ កន្លែងកើតហេតុ បាន​ស្រង់​សាកសព​យកមក​ពិនិត្យ​ទើប​ដឹងថា សពនេះជា​យុវតី​ដែល​បាត់​ខ្លួន​កាលពី​រសៀល​ថ្ងៃទី១៥ កុម្ភៈ នោះឯង។

យោងតាម​ការពិនិត្យ​លើ​ដងខ្លួន​នៃ​សព មន្ត្រី​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស​និ្ន​ដ្ឋា​ន​ថា យុវតី​រងគ្រោះ​ត្រូវបាន​ឃាតក​រំលោភ ហើយ​សម្លាប់ចោល​ដើម្បី​បំបិទ​ភស្តុតាង។ ​នៅពេលនេះ ទាំង​កម្លាំង​ជំនាញ​ខេត្ត និង​ស្រុក​កំពុង​សហ​ការណ៍​គ្នា​ចុះ​ស្រាវជ្រាវ​រឿងនេះ ដើម្បី​តាម​វែកមុខ​ចាប់​ជនដៃដល់​យកមក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់។ ទោះជា​យ៉ាងណាក៏ដោយ សមត្ថកិច្ច​នៅ​មិនទាន់មាន​ពន្លឺ​ដែល​អាច​ឈានទៅរក ការចាប់ខ្លួន​ជនដៃដល់​បាន​នៅឡើយ​ទេ ប៉ុន្តែ​សម្រាប់​មហាជន​មួយចំនួន​បានលើកឡើង​ថា ករណីនេះ​កើតឡើង​នៅក្នុង​សាលា ដូច្នេះ​ជនដៃដល់​គឺ​នៅ​មិន​ឆ្ងាយ​ពី​បរិវេណ​នោះទេ ម្យ៉ាងទៀត​យុវតី​រងគ្រោះ​ទំនងជា​ស្គាល់​ជនដៃដល់​ថែមទៀត ទើបត្រូវឃាតក​សម្លាប់​បំបិទមាត់​បែបនេះ។ ប្រជាពលរដ្ឋសង្ឃឹមថា សមត្ថកិច្ចនឹងវែកមុខ​ឃើញឃាតកដៃដល់ដើម្បីចាប់ខ្លួនមកផ្តន្ទាទោសតាមច្បាប់ឲ្យខាងតែបាន ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *