ចាញ់បោកថាត្រូវរង្វាន់អស់លុយ៦០០ដុល្លារ

ស្វាយរៀងៈ កាលពីថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង៨ព្រឹក មានករណីឆបោកតាមទូរស័ព្ទ ឲ្យដាក់លុយផ្ញើអស់៦០០ដុល្លារ ទើបជនរងគ្រោះដឹងថាចាញ់បោកគេ។

ជនរងគ្រោះឈ្មោះ ឃួន ហឿន ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិត្រពាំងតុំ ឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង បានឲ្យដឹងថា មុនដំបូង មានអ្នកទូរស័ព្ទមកគាត់ដោយបានប្រាប់ថា គាត់ត្រូវរង្វាន់តាមរយៈការចាប់ឆ្នោតនៅប៉ុស្តិ៍ទូរទស្សន៍ CTNក្នុងកម្មវិធីគម្រប់ដប់ឆ្នាំ របស់ធានាគារជាតិនៃកម្ពុជា ហើយឲ្យរូបគាត់ផ្ញើប្រាក់ចំនួន៦០០ដុល្លារ សម្រាប់តម្តល់ចូលទូដែក។

ជនរងគ្រោះបានបន្តថា ដោយសារតែគេខលច្រើនដងពេក នៅវេលាម៉ោង១រសៀល រូបគាត់ក៏បានផ្ញើចំនួន៥០០ដុល្លារ តាមបណ្តាញប្រតិបត្តិការវេប្រាក់វីង។ លុះដល់វេលាម៉ោង៥ និង៤០នាទីល្ងាចថ្ងៃដដែល ជនរងគ្រោះរូបនេះ ក៏បានផ្ញើប្រាក់១០០ដុល្លារទៀត តាមរយៈបណ្តាញប្រតិបត្តិការវេប្រាក់ទ្រូម៉ានី តាមលេខទូរស័ព្ទ ០១៦ ៥៤ ១៨ ៥៦ ឲ្យគ្រប់ចំនួន ៦០០ដុល្លារ។ លុះមកដល់ថ្ងៃ២២ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង៨ព្រឹក ស្រាប់តែមានលេខទូរស័ព្ទ ០៩៦ ៥៨ ០៦ ១៦៦ បានខលមករូបគាត់ ឲ្យផ្ញើប្រាក់ចំនួន៥០០ដុល្លារបន្ថែមទៀត ប៉ុន្តែជនរងគ្រោះមិនបានផ្ញើទៅទេ ទើបរូបគាត់មានការសង្ស័យ និងភ្ញាក់ខ្លួនថាត្រូវចាញ់បោកគេ ក៏បានរត់ដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *