​មេភូមិត្រពាំងដងទឹករក​ឃើញ​គ្រាប់មិនទាន់ផ្ទុះនៅក្នុង​ដីស្រែ ៣គ្រាប់

ខេត្តបាត់ដំបង៖ ​មេភូមិត្រពាំងដងទឹកបានរក​ឃើញ​នៅក្នុង​ដីស្រែរបស់គាត់នូវ​គ្រាប់កាំភ្លើងផ្លោងទំហំ៦០មិល្លិម៉ែត្រចំនួន១គ្រាប់ និងមីន​មិនទាន់​ផ្ទុះ២​គ្រាប់ បង្ក​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ខណៈដែល​លោកមេភូមិរូបនេះភ្ជួរស្រែ​ ស្រាប់តែ​គ្រាប់ទាំង​នោះបាន​អណ្តែត​ចេញ​ពីក្នុង​ដីតាមអាចម៍បំណះនង្គ័លធ្វលឲ្យគាត់រត់លស់ព្រលឹង ។

ហេតុកាណ៍​ប្រទះឃើញ​គ្រាប់មិន​ទាន់​ផ្ទុះនេះ កើត​ឡើងកាល​ពីថ្ងៃពុធ៧កើត ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃ​ទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង៥ និង៥៥ នាទី ល្ងាច ត្រង់ចំណុច​លើដី​ស្រែមួយ​កន្លែង ក្នុងភូមិ​ត្រពាំង​ដងទឹក ឃុំហប់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលជា​ដីរបស់​លោកមេភូមិ​ហប់ ផ្ទាល់​តែម្តង ។

លោក រឹម ណោ ភេទប្រុស អាយុ៦៧ឆ្នាំ ជាប្រធានភូមិ រស់នៅត្រង់ចំណុច​ដីភូមិ​ខាងលើ បានអះ​អាងថា នៅមុន​ពេលកើត​ហេតុលោក​បានចុះ​ទៅភ្ជួរ​ស្រែរបស់លោក ប៉ុន្តែបាន​តែបន្តិច​ក៏ស្រាប់តែ​ប្រទះឃើញ​គ្រាប់កាំភ្លើងផ្លោងនិងមីន​មិនទាន់​ផ្ទុះជាច្រើន​គ្រាប់ បានអណ្តែត​ឡើង​មក​លើដី បន្ទាប់​ពីផ្លែ​ផាលនង្គ័លបាន​គាស់របើក​ឡើង ទើបមាន​ការភ្ញាក់​ផ្អើលយ៉ាង​ខ្លាំង។ លោកមេភូមិនិយាយទាំងទឹកមុខស្លេកស្លាំងថា ពិតជាសំណាង​ផុតលេខ​ដែលមិន​បានប៉ះទង្គិច​ឲ្យគ្រាប់​នេះផ្ទុះ​ឡើង បើសិនជាផ្ទុះវិញមិនដឹងជាលោកស្លាប់រកបំណែកសពមិនឃើញផងក៏មិនដឹង ។

យ៉ាងណាភ្លាមៗនោះលោកក៏​បាន​រាយការណ៍ទៅ​សមត្ថកិច្ច​កងរាជអាវុធ​ហត្ថស្រុក ព្រមទាំង​បានជូន​ដំណឹង​ទៅអង្គភាព​ស៊ីម៉ាក់​ដែលឈរ​ជើងនៅ​ក្នុងតំបន់​ខាងលើ ដើម្បី​ចុះមកត្រួត​ពិនិត្យ ហើយបាន​រកឃើញ​ថា គ្រាប់ក្នុង​មួយរណ្តៅ​នោះមាន​ចំនួន៣គ្រាប់ គឺគ្រាប់មីន​តោនចំនួន​២គ្រាប់ និងគ្រាប់​ផ្លោងទំហំ​៦០មីល្លីម៉ែត្រ​ចំនួន​១គ្រាប់ ។

បច្ចុប្បន្ន​ខាងស៊ីម៉ាក់​បានប្រមូល​យកទៅរក្សា​ទុក​ហើយ ដើម្បី​រង់ចាំកម្ទេចចោល​ទៅតាម​និតិវិធី នៅពេលក្រោយ ៕សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *