ជាង​តម្លើង​អំពូល​ភ្លើង​ប្រហេះ​​ឆក់​ស្លាប់​ខ្លួន​ឯង​

ភ្នំពេញ​៖ជន​រង​គ្រោះ​ម្នាក់​ក្នុង​ចំណោម​បក្ខ​ពួក​២នាក់​ដើរ​តម្លើង​អំពូល​ភ្លើង​តាម​ផ្លូវ​ប្រហេះ​ឆក់​ស្លាប់​ខ្លួន​ឯង​យ៉ាង​អាណោចអាធម៌​បង្ក​អោយ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រជាពល​រដ្ឋ​ព្រមទាំង​ព្រះ​សង្ឃ​ជួយ​សង្គ្រោះ​តែ​អកុសល​បាត់​បង់​ជីវិត​បន្សស់​ទុក​សាក​សព​អោយ​ក្រុម​គ្រួសារ​ធ្វើ​បុណ្យ​។ហេតុការណ៍​នេះ​បាន​កើតឡើង​នៅថ្ងៃសៅរ៍ ១០កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១៣:០០នាទីរសៀល​ស្ថិតនៅ​នៅចំណុច ក្នុងបរិវេណវត្តនាគវ័ន្តក្រុមទី១០៤ ភូមិ២២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សាក​សព​ជន​រង​គ្រោះ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ ប៊ុន សង់ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករអូសខ្សែកាបចល័ត ស្នាក់នៅផ្ទះជួលលេខ៤ ផ្លូវលំ សង្កាត់ ទួលសង្កែរ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានស្រុកកំណើត ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង។

តាមការបំភ្លឺ​ពី​ឈ្មោះ ពិន តន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករអូសខ្សែកាបចល័តដែល​កំពុង​ធ្វើ​ការ​ជា​មួយ​គ្នា​បាន​អោយ​ដឹង​ថា នៅថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១៣:០០នាទី ខ្លួន និង (សាក​សព)បានមកតខ្សែដាក់អំពូលភ្លើង នៅចំណុចក្នុងបរិវេណវត្តនាគវ័ន្ត សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ពេលនោះជនរងគ្រោះដាក់ជណ្ដើរឡើងបង្គោលភ្លើង ដើម្បីតអំពូលភ្លើង ដោយមានចងខ្សែក្រវ៉ាត់ជាប់និងបង្គោលភ្លើង។ចំណែករូបខ្លួនបានឈរទប់ជណ្ដើរនៅខាងក្រោម ស្រាប់តែជនរងគ្រោះលើកអំពូលភ្លើងឡើងលើទៅប៉ះជាមួយនិងចរន្តខ្សែភ្លើងនៅខាងលើបណ្ដាលឲ្យឆក់ ផ្ងាមកក្រោយជាប់និងខ្សែក្រវ៉ាត់ ភ្លាមនោះក៏មានអ្នកជិតខាង និងរូបខ្លួន បាននាំគ្នាយកខ្សែពួរទៅចងជាប់និងជនរងគ្រោះ​។រួចកាត់ខ្សែក្រវ៉ាត់ដាក់ជនរងគ្រោះ ចុះមកខាងក្រោមដើម្បីជួយសង្គោះបឋម តែជនរងគ្រោះបាន ដាច់ខ្យល់ស្លាប់បាត់ ទៅហើយៗក៏រាយការណ៍មកសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យតែម្ដង។

តាម​ការពិនិត្យរបស់ការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោក ឧកញ៉ា វេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យ រាជធានីភ្នំពេញ ថា​ សាក​សព​ជនរងគ្រោះស្លាប់បណ្ដាលមកពីឆក់ចរន្តអគ្គីសនី​ពិត​ប្រាកដ​មែន​។

បច្ចុប្បន្នសព​ត្រូវ​បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅ ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង៕សារ៉េត​

Leave a Reply

Your email address will not be published. Required fields are marked *