មានដៃជើងដូចគេឯងមិនខំរកស៊ីទេបែរជាដើរតែបោកគេ ចាប់បានវាយបែកក្បាល

ភ្នំពេញ ៖ បុរសដែលជាជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខ​ពួក​ច្រើន​នាក់​ដែលជំនាញខាង​ដើរ​ឆបោក យក​ស្រា​បៀ​តាម​ដេប៉ូ ហើយ​មួយរយះកន្លង​មក​មាន​អ្នក​ចាញ់បោក​ក៏​ច្រើន​នាក់ ច្រើន​ដង​មក​ហើយ​ដែរ ទើបតែ​លើក​នេះ​ជនសង្ស័យ​ប្រើ​ស្ទីល​ចាស់​ដដែល តែ​ត្រូវ​បាន​អស់​លក្ខ​ណ៍។ហេតុការណ៍​ខាងលើនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២០​និង​៣៥នាទី​យប់ ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៨ ដែលទីតាំងនៅ​ត្រង់​ចំណុច​ផ្សារ​ចោម​ចៅ ស្ថិត​ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​ដែលជំនាញ​ខាង​ដើរ​ឆបោក​មានឈ្មោះ ភឿន ណា​លិ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខ​របរ​ដើរ​ឆបោក ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ចំការឪឡឹក​២ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​ភូមិ​ក្រាំង ឃុំ​ស្នោ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ។ ចំណែក​ដើម​បណ្តឹង​តំណាង​ឲ្យ​ខាង​ដេប៉ូ​ចែកចាយ​ឈ្មោះ មាស នាង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​បើករថយន្ត​ដឹក​ទំនិញ​ឲ្យ​ដេប៉ូ ស្នាក់​នៅ​ភូមិ​ស្រែ​ញ​រ៍ សង្កាត់​ពងទឹក ខណ្ឌដង្កោ​។

តាម​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា កន្លង​មក​នៅ​ក្នុង​អំឡុង​ខែមករា ជនសង្ស័យ​ខាងលើ​បាន​ទៅ​កុម្ម​ង់​ទិញ​ស្រា​បៀ​ABC ២៣​កេស ឲ្យ​ដឹក​មក​ដាក់​នៅ​ម្តុំ​ផ្សារ​ចោម​ចៅ ដើរ​ដាក់​តាម​ផ្ទះ​អ្នកលក់ លុះដល់​អស់​ស្រា​ពី​រ៉ឺ​ម៉ក​ម៉ូតូ ដល់​ទូទាត់​លុយ ស្រាប់តែ​ជនសង្ស័យ​គេចខ្លួន​បាត់ ហើយ​ទៅ​រក​ស្រា​បៀ​ដែល​ដាក់​នោះ ក៏​បាត់​អស់​ដែរ ទើប​ដឹង​ថា ឆបោក បើ​គិត​ជា​ទឹកប្រាក់​អស់​៦១១,៨​ដុល្លារ​។ លុះដល់​ល្ងាច​ថ្ងៃ​ទី​២៤ ខែកុម្ភៈ​នេះ ជនសង្ស័យ បាន​ប្រើល្បិច​ចាស់ដដែល​ទៅ​កុម្ម​ង់​ស្រា​បៀ ABC ១៥​កេស ស្រា​បៀ​កម្ពុជា ២០​កេស ទឹក​វី​តា​ល់​៥​កេស ក្រដាស់​​៨​ដុំ សរុប​ជា​ប្រាក់​អស់​៦៧១,៩០​ដុល្លារ ហើយ​ជនសង្ស័យ​គ្រាន់តែ​ចូល​ទៅ​កុម្ម​ង់​នៅ​ដេប៉ូ​ភ្លាម​គេក៏ស្គាល់​មុខ លុះ​ពេល​ជនសង្ស័យ​ឲ្យ​ដឹក​មក​ដាក់​តាម​មុខ​ផ្ទះ​អ្នកលក់​មិន​ខុស​ពី​លើក​មុន​ៗ​ឡើយ​។ ជន​រង​គ្រោះ​ដឹង​ល្បិច មិន​ទម្លាក់​ដាក់​ឲ្យ​ទេ តែ​ប្រាប់​ថា ដាក់​រួច​ហើយ លុះដល់​ទារ​ឲ្យ​ទូទាត់​លុយ ជនសង្ស័យ​ប្រើ​ល្បិច​រង់ចាំ​ដាក់​ឲ្យ​អស់​សិន ប៉ុន្តែ​ជន​រង​គ្រោះ​មិន​ដាក់ ក៏​ឃាត់​នាំ​ខ្លួន​យក​ទៅ​ឲ្យ​ប៉ុស្តិ៍​ប៉ូលិស​តែ​ម្តង ។

តាម​ប្រភពព័ត៌មាន​ពី​ជន​សង្ស័យ​នៅ​ចំពោះ​មុខ​កម្លាំងនគរបាល​បាន​សារភាព​ថា ខ្លួន​ពិតជា​ឆបោក​ពិតប្រាកដ​មែន ប្រើ​តាម​រូបភាព​ចាស់ ឲ្យ​ដឹក​ដើរ​ទម្លាក់​តាម​ផ្ទះ​គេ​ថា ជា​កន្លែង​លក់​របស់​ខ្លួន ហើយ​មាន​បក្សពួក​ជា​អ្នក​ដើរ​ប្រមូល​ជញ្ជូន​តាម​ក្រោយ ។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​កម្លាំងនគរបាល​កសាង​សំណុំរឿង ដោយ​​
​​បញ្ជូន​ទៅ​អធិការដ្ឋាន​ខណ្ឌ​ចាត់ការ​តាម​នីតិវិធីច្បាប់ ៕៩៨

Leave a Reply

Your email address will not be published. Required fields are marked *