ជិះរថយន្តតាមបាញ់ដល់មុខផ្ទះ របួសធ្ងន់ពីរនាក់នៅ ខណ្ឌសែនសុខ

ភ្នំពេញ៖ ខ្មាន់កាំភ្លើងបានតាមបាញ់ស្ត្រី និងបុរសចំនួន២នាក់ ឲ្យរងរបួសធ្ងន់ បន្ទាប់ពីមនុស្សមួយក្រុមជិះរថយន្តមិនស្គាល់ម៉ាកតាមបាញ់ប្រហារ ទាំងកណ្តាលយប់ ឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នៅតាមផ្លូវ១៩៧៤ ស្ថិតក្នុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ធ្វើឲ្យធ្លុះធ្លាយរថយន្តជាច្រើនគ្រាប់ ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះ មានគ្នា២នាក់ជិះរថយន្តមួយគ្រឿងម៉ាក Toyota Tacoma ស្លាកលេខភ្នំពេញ 2Q-5081 តាមផ្លូវ១៩៧៤ ក្នុងទិសដៅពីកើតទៅលិច លុះបើកមកដល់មុខផ្ទះរងគ្រោះរូបនោះ បម្រុងឈប់រថយន្តចុះ ស្រាប់តែមានរថយន្តមួយគ្រឿងទៀត មិនស្គាល់ម៉ាក បានបើកមកឈប់ក្បែរ ហើយធ្វើការបាញ់ប្រហារ ទៅលើរថយន្តជនរងគ្រោះ ចំនួន៥គ្រាប់ ពីខាងស្តាំនៃរថយន្ត បណ្តាលឲ្យត្រូវជនរងគ្រោះ ទាំងពីរនាក់ ដែលនៅក្នុងរថយន្ត Tacoma នោះតែម្តង ដោយនារីដែលគេប៉ងបាញ់ផ្តាច់ជីវិតត្រូវ៣គ្រាប់ គឺស្មាស្តាំ២គ្រាប់ កំភួនដៃខាងឆ្វេង១គ្រាប់ ចំណែកបុរសដែលបើករថយន្ត ត្រូវ១គ្រាប់ ចំកំភួនដៃខាងស្តាំហើយអ្នករងរបួសទាំង២នាក់ ត្រូវបានសាច់ញាតិ ដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែតជាបន្ទាន់ ។

សម្រាប់អត្តសញ្ញាណវិញ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា ប្រុសមានឈ្មោះ គង់ រ៉ាវិន អាយុ៣១ឆ្នាំ មុខរបរជាអ្នករកស៊ី និងមានទីលំនៅម្តុំទួលសង្កែ ខណ្ឌឬស្សីកែវ និងជាម្ចាស់រថយន្ត Tacoma។ ដោយឡែកស្រ្តីរងគ្រោះឈ្មោះ គីន វិន អាយុ២៥ឆ្នាំ មុខរបរអ្នកលក់ខោអាវ។

ក្រោយកើតហេតុជនសង្ស័យ បន្ទាប់ពីបាញ់ហើយ បានបើករថយន្ត គេចចេញពីកន្លែងកើតហេតុបាត់ស្រមោល ដោយបានបន្សល់ទុកនៅតែ ក្បាលគ្រាប់កាំភ្លើង ដែលបាញ់ហើយនៅលក្នុងរថយន្តទៀត។

នគរបាលរាជធានីភ្នំពេញ បានប្រាប់នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា មូលហេតុតាមការសួរនាំជាជំហ៊ានដំបូងនោះ សង្ស័យផ្តើមចេញពីរឿងស្នេហាត្រីកោណ។ តែយ៉ាងណានោះ នៅពេលនេះកម្លាំងនគរបាល ក្រោមការបញ្ជាក់ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បាននិងកំពុងបើក ការស្រាវជ្រាវយ៉ាងយកចិត្​តទុកដាក់ ដើម្បីតាមចាប់ជនល្មើសមកផ្តន្ទាទោស ឲ្យបាន ៕ អូន ធួក

 

Leave a Reply

Your email address will not be published. Required fields are marked *