ចាប់រំលោភបានសម្រេច តែរត់មិនរួចនឹងជាប់ខ្នោះនគរបាល

ស្វាយរៀងៈ បុរសល្មោភកាមចាប់រំលោភនាងក្រមុំវ័យ១៦ឆ្នាំម្នាក់យ៉ាងព្រៃផ្សៃ ហើយក្រោយរំលោភបានសម្រេចហើយនោះបានលើកខោស្លៀករត់ធ្វើមិនដឹង ចុងក្រោយ ត្រូវនារីរងគ្រោះប្តឹងទៅសមត្ថកិច្ចឲ្យចាប់ខ្លួនទាល់តែបាន ។

ការរំលោភនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ១រសៀលថ្ងៃអាទិត្យ ១១កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅភូមិចំបក់ សង្កាត់ចេក ស្រុកស្វាយរៀង ខេត្តស្វាយរៀង។

បុរសល្មោភកាមនោះ ឈ្មោះ ឃុន នា  អាយុ២៤ឆ្នាំ មុខរបរជាងផ្សាដែកកូនខ្មែរ មានទីលំនៅភូមិសំបុក ឃុំសំបុក ស្រុក ចិត្របរី ខេត្តក្រចេះ។ នារីរងគ្រោះ ឈ្មោះ ស.រ  អាយុ១៦ឆ្នាំ សិស្ស រស់នៅភូមិឃុំកើតហេតុខាងលើ។

សមត្ថកិច្ច បានឲ្យដឹងថា ដំបូងឡើយមានពលរដ្ឋម្នាក់បានរាយការណ៍តាមទូរស័ព្ទប្រាប់សមត្ថកិច្ចប៉ុស្ដិ៍ថា មានករណីរំលោភនារីម្នាក់​ នៅភូមិចំបក់ សង្កាត់ចេកលើ ក្រោយពីបានព័ត៌មានភ្លាមៗនោះ កម្លាំង​ជំនាញអធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ចេក ចុះទៅដល់កន្លែងកើតហេតុ សាកសួរនារីរគ្រោះ ប្រាប់ថា គេចាប់រំលោភខ្លួន គឺខ្លួនស្គាល់មុខ មិនស្គាល់ឈ្មោះទេ ក្រោយមកសមត្ថកិច្ចបានស្រាវជ្រាវហើយក៏បានក្របូចជនសង្ស័យរូបនេះ​តែម្ដង ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *