ចាញ់ល្បែងកន្ទុយលេខអស់លុយកូនផ្ញើទុក ប្រឌិតរឿងថាចោរប្លន់នគរបាលវិលក្បុង

ខេត្តបាត់ដំបង​ ៖​ នគរបាលស្រុកសំពៅលូននាំគ្នាវិលក្បុង ព្រោះតែស្រី្តម្នាក់​ប្រឌិត​រឿងថាចោរ ចូលប្លន់ដល់ក្នុងផ្ទះយកលុយអស់ពីខ្លួន ដែលលុយនេះជាលុយ​របស់​កូនសន្សំផ្ញើទុកនឹងម្តាយ ធ្វើឲ្យនគរបាលសហការគ្នាតាមចាប់ក្រុមចោរទាំងយប់ តែចាប់​មិនបាន ។ លុះក្រោយមកទើបបែកធ្លាយថា រឿងនេះមិនមែនជារឿងចោរប្លន់នោះទេ គឺជា​រឿង​ដែលស្រី្តជាម្តាយប្រឌឹត បន្ទាប់ពីយកលុយកូនទៅលេងល្បែងកន្ទុយលេខចាញ់អស់។

ហេតការណ៍ប្រឌឹតរឿងនេះកើតឡើងនៅពាក់កណ្តាលអធ្រាត្រថ្ងៃ ចន្ទ ១២  កើត ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងទី​២៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ ធ្វើឲ្យពេលនោះកម្លាំង​នគរបាល​ស្រុក​សំពៅ​លូននាំគ្នាចេញប្រតិបត្តិការតាមចាប់ខ្លួនជនសង្ស័យភ្លាមៗ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ស្រី្តឈ្មោះ​ វង់​ វ​ណ្ណា​ ​ អាយុ​ ៥៦​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ថ្នល់​បត់​ ឃុំ​សំពៅ​លូន​ ស្រុក​សំពៅ​លូន​ ខេត្តបាត់ដំបង​ បាន​រាយការណ៍​ទៅសមត្ថកិច្ច​​ថា​ មាន​ករណី​ជនប្រដាប់អាវុធ​ចំនួន​ ៥​នាក់បាន​ ចូល​ប្លន់​យក​ទ្រព្យសម្បត្តិដល់ក្នុងផ្ទះ​របស់​គាត់​ដោយយកលុយអស់ប្រាក់​ថៃ​ចំនួន​ ៧៥,០០០​បាត​ និង​ មាស​ចំនួន​ ៥​ជី​ រួចជនសង្ស័យ​បាននាំគ្នា​គេចខ្លួន​បាត់​អស់​ ។​

​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាននេះភ្លាម​ កម្លាំង​អធិការ​នគរបាល​ស្រុក​សំពៅ​លូន​ បាន​រាយការណ៍​មក​លោកស្នងការ​ស្ដីទី​ លោកស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​ បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​ខេត្ត​សហការ​ស្រុក​ ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ និង​បាន​ស្រាវជ្រាវ​សាកសួរ​បំភ្លឺ​ជុំវិញ​ករណី​នេះជាបន្ទាន់ ។​

លទ្ធផល​ក្រោយ​ពេលសមត្ថកិច្ច​សាកសួរ​ ឈ្មោះ​ វង់​ វ​ណ្ណា​ បាន​ឆ្លើយ​សារភាព​ថា​ ខ្លួន​ បាន​ប្រឌិត​រឿង​នេះ​ឡើង​ទេ ព្រោះ​ខ្លួន​បាន​យក​ប្រាក់​សន្សំ​របស់​កូន​ ដែល​ផ្ញើ​ពី​ប្រទេស​ថៃ​ទៅ​លេង​ល្បែង​ (​កន្ទុយលេខ​)​ ចាញ់​អស់​លុយគ្មាន​សល់ហើយ​ ដោយមាន​ក្តី​បារម្ភ​គ្មាន​លទ្ធភាព​សង​ប្រាក់​ទៅ​អោយ​កូន​វិញ​ ទើប​ខ្លួន​ប្រឌិត​រឿង​នេះ​ឡើង​ដើម្បី​រួច​ផុត​ពី​ការ​ស្តីបន្ទោស​។ទីបំផុត ស្រី្តរូបនេះត្រូវបានសមត្ថកិច្ចព្រមាននិងស្តីបន្ទោសយ៉ាងខ្លាំង ថាប្រឌឹតរឿង ធ្វើឲ្យចលាចលពេញស្រុក ថ្ងៃក្រោយមិនត្រូវធ្វើបែបនេះទៀតទេ ៕សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *