ចាប់ខ្លួនបាន​ឃាតក​សតិ​មិន​គ្រប់​សម្លាប់​បងប្រុស​បង្កើត​ខឹងមិនទិញទូរស័ព្ទនិងម៉ូតូឲ្យ

ខេត្តស្ទឹងត្រែង ៖ កម្លាំង​នគរបាល​ខេត្តស្ទឹងត្រែង កាលពី​រសៀលថ្ងៃ អង្គារ ១៣  កើត ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០១៨ ​បាន​ចាប់ខ្លួន​បុរស​ម្នាក់ដែលមាន​សតិ​មិន​គ្រប់ ហើយ​បាន​វាយ​សម្លាប់​បងប្រុស​បង្កើត​របស់ខ្លួន ខណៈ​ជនសង្ស័យរូបនេះ​ជិះ​រថយន្តឈ្នួល​ពីរាជធានី​ភ្នំពេញ​ត្រឡប់មក​ខេត្តស្ទឹងត្រែង​វិញ ។

នគរបាល​ខេត្តស្ទឹងត្រែង បានឲ្យដឹងថា ជនសង្ស័យ​ជាឃាតកសម្លាប់បងប្រុសឯងដែល​សមត្ថកិច្ចចាប់ខ្លួនបាននេះឈ្មោះ ទូច សារ៉ាត់ ភេទប្រុស អាយុ​៣៧​ឆ្នាំ ត្រូវជា​ប្អូនបង្កើត​របស់​ជនរងគ្រោះ​។​ជនសង្ស័យ​រូបនេះ គឺជា​មនុស្ស​មាន​សតិ​មិនសូវ​គ្រប់ជា​យូរ​ឆ្នាំ​មកហើយ​។​​ ចំណែកជនរងគ្រោះ​មានឈ្មោះ ទូច តារា ហៅ​យ៉ាវ ភេទប្រុស អាយុ​៤៦​ឆ្នាំ មុខរបរមន្រ្តី​នគរ​បាល​ផ្នែក​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង ។​

​នគរបាល​ខេត្តស្ទឹងត្រែង បានឲ្យដឹងទៀតថា កាលពី​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨​កន្លងទៅ ជនរងគ្រោះ​ដែល​ត្រូវជា​បងប្រុស​បង្កើត​រប​ស់ជន​សង្ស័យ បាន​ស្លាប់បាត់​បង់ជីវិតដោយសារឈ្លោះប្រកែកជាមួយប្អូន(ជនសង្ស័យ)​ហើយប្អូនបានយកដំបងវ៉ៃចំក្បាលពីក្រោយ។ ​ជនសង្ស័យបានសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនគេ​ខឹង​បងប្រុស​របស់ខ្លួន​ដែលបានសន្យា​ជាមួយ​ខ្លួន​ថា​”​ពេល​ឯង​ជា​ពី​ជំងឺ​ពេលណា បង​នឹង​ទិញ​ទូរស័ព្ទ និង​ម៉ូតូ​ឲ្យ  ហើយមកដល់ពេលនេះ មិនឃើញទិញឲ្យ ខ្លួនខឹងក៏វាយសម្លាប់​តែម្តងទៅ ។

សមត្ថកិច្ចនគរបាលខេត្តស្ទឹងត្រែង បានឃាត់ខ្លួនបុរសនេះ បន្ទាប់ពីវាយសម្លាប់បងប្រុសរួច​គេច​ទៅភ្នំពេញ ហើយបានមួយថ្ងៃត្រឡប់មកខេត្តស្ទឹងត្រែងវិញ ហើយកំពុងកសាងសំណុំ​រឿងបញ្ជូនទៅសាលាដំបូងខេត្តស្ទឹងត្រែង ចាត់ការតាមច្បាប់ ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *