រថយន្តបែនដឹកដីពេញទ្រង់បាក់ផ្លូវផុងកង់ក្រឡាប់លិចបាត់ទៅក្នុងទឹករណ្ដៅដី

ភ្នំពេញ៖ រថយន្តបែនដឹកដី១គ្រឿងបានក្រឡាប់លិចបាត់ទៅក្នុងទឹករណ្ដៅដីក្នុងពេលដែលកំពុងបើកបរតាមផ្លូវក្បែរមាត់រណ្ដៅ ហើយបានបាក់ដីផ្លូវផុងកង់ម្ខាងរួចក៏បានក្រឡាប់ធ្លាក់ចូលទៅក្នុងរណ្ដៅដី​ ប៉ុន្តែ​សំណាងល្អ​មិនបានបណ្ដាលឲ្យអ្នកបើកបរមានគ្រោះឡើយ ព្រោះបានលោតចេញទាន់។ហេតុការណ៍នេះ​បាន​កើតឡើងកាលពីវេលាម៉ោង១១និង៣៥នាទីថ្ងៃត្រង់ថ្ងៃទី១ ខែមិនា ឆ្នាំ២០១៨ នៅក្នុងភូមិសាមគ្គីទី៣ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បានឲ្យដឹងថា រថយន្តបែនដឹកដីនោះជារបស់ឈ្មួញម្នាក់នៅក្នុងភូមិស្នោរ​ សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ នៅមុនពេលកើតហេតុរថយន្ត​រថយន្ត​បង្ក​ដឹកដីទៅចាក់នៅក្នុងភូមិកើតហេតុ​ ដោយបើកបរក្នុងទិសដៅពីជើងទៅត្បូង។លុះពេលទៅដល់ត្រង់ចំណុចកើតហេតុស្រាប់តែបាក់ដីផុងកង់ខាងស្ដាំបណ្តាលឲ្យក្រឡាប់ធ្លាក់ចូលទៅក្នុងរណ្ដៅដីខាងលើនិងលិចបាត់ទៅក្នុងទឹកតែម្ដង។ប៉ុន្តែសំណាងខ្លាំងណាស់ដែលអ្នកបើកបរបានលោតចេញទាន់មុនពេលដែលរថយន្តលិចទៅក្នុងទឹកទើបរួចផុតពីសេចក្ដីស្លាប់។រហូតដល់វេលាម៉ោង៣រសៀលថ្ងៃដដែលនោះម្ចាស់មិនទាន់រករថយន្តស្ទូចទៅស្ទូចយកចេញបាននៅឡើយ។
គួរ​រំលឹក​ថា​៖​ សព្វ​ថ្ងៃ​ប្រជាពលរដ្ឋ​បាន​រិះ​គន់​សាលា​ខណ្ឌពោធិ៍​សែនជ័យ​យ៉ាង​ខ្លាំង​ថា​ រថយន្ត​ទាំង​នេះ​ស្ថិត​នៅ​ភូមិ​កើត​ហេតុ​ខាង​លើ​ ព្រមទាំង​សង្កាត់​ភ្លើង​ឆេះ​រទេស​ដែល​កំពុង​បំផ្លាញ​ផ្លូវ​សាធារណៈ​ខូច​ខ្ទេច​ខ្ទីពុំ​បើក​ភ្នែក​មើល​ សង្ស័យ​ទទួល​លាភ​សក្ការៈ​ពីក្រុម​ឈ្មួញ​ទាំង​នោះ​ហើយ​មើល​ទៅ​បាន​ជា​មិន​បង្ក្រាប​សោះ​៕៩៨

Leave a Reply

Your email address will not be published. Required fields are marked *