ចោរកាច់កម៉ូតូ៣គ្រឿងកណ្តាលក្រុងបាត់ដំបងជាបន្តបន្ទាប់សមត្ថកិច្ចបានត្រឹមថាកំពុងស្រាវជ្រាវ

ខេត្តបាត់ដំបង ៖អំពើចោរកម្ម​(ចោរកាច់សោ ក ម៉ូតូ)នៅ​ក្នុង​ក្រុង​បាត់ដំបង ធ្វើឲ្យប្រជា​ពលរដ្ឋ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង អំពី​បញ្ហា​អសន្តិសុខ នៅ​ក្នុង​មូលដ្ឋាន ខណៈ​កម្លាំង​សមត្ថកិច្ច ទាំង​កងរាជអាវុធហត្ថ ទាំង​នគរបាល ហាក់​បាត់បង់​ម្ចាស់​ការ​ក្នុង​ការ​ទប់ស្កាត់ ឬ​បង្ក្រាប​ជន​ទុច្ចរិត​ដែល​ប្រព្រឹត្ត​បទល្មើស​ទាំងនេះ បើទោះបីឃើញជនសង្ស័យធ្វើសកម្មភាពតាមកាមេរ៉ាសុវត្ថិ​ភាពក៏ដោយ ហើយបានត្រឹមតែនិយាយថា កំពុងស្រាវជ្រាវ ។

ជាក់ស្តែងគ្រាន់តែ ​រយៈពេល​៣​ថ្ងៃ​កន្លង​ទៅ​នេះ ចោរមួយក្រុម​បាន​កាច់​សោ​.​ក​លួច​យក​ម៉ូតូ​​ប្រជាពលរដ្ឋ​អស់​ចំនួន​៣​គ្រឿង ជា​បន្តបន្ទាប់នៅក្រុងបាត់ដំបង ហើយសមត្ថកិច្ចមិនដែលបង្រ្កាបបានម្តងណាទេ ទោះបីថត​ជាប់​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព​រួចហើយក៏ដោយ ។

ការលួចកាច់កសោម៉ូតូ​ទាំង​៣ លើក​ជា​បន្តបន្ទាប់​ខាងលើ​នេះ ​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា លើក​ទី​១ ចោរ​បាន​ដើរ​ចូល​ទៅ​កាច់​សោ​.​ក​លួច​យក​ម៉ូតូ​មួយ​គ្រឿង ព​ណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​1W -9495  នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រលប់ ថ្ងៃ​ទី​២៧ ខែកុម្ភៈ ដែលជនរងគ្រោះ​ទុក​នៅ​ខាង​មុខ​ហាង​លក់​សម្លៀក​បំពាក់​យីហោ «​សុខ យុទ្ធ​» នៅ​ជាប់​ផ្លូវ​លេខ​១ ស្ថិត​ក្នុងភូមិ​២០​ឧសភា សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ជាកម្មសិទ្ធិ ​ម្ចាស់​ឈ្មោះ សូរ ប្រសិទ្ធិ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ នៅ​ភូមិ​ព្រែក​ស្នោរ ឃុំ​ព្រែក​ខ្ពប ស្រុក​ឯក​ភ្នំ ខណៈ​ជន​រង​គ្រោះ​ចូល​ទិញ​ទំនិញក្នុងហាងនេះ ។ សកម្មភាព​នេះត្រូវបានថតយករូបភាពជនសង្ស័យ​ដោយកាមេរ៉ា​សុវត្ថិភាព​របស់​ម្ចាស់​ហាង ។

សមត្ថកិច្ចបន្តថា ​ករណី​​ទី​២ ខណៈ​ដែល​សមត្ថកិច្ច​ជំនាញ​ទាំង​២​ស្ថាប័ន កំពុង​ពិនិត្យ​រូប​ជនសង្ស័យ​លើ​កាមេរ៉ា​សុវត្ថិភាព និង​កំពុង​ស្រាវជ្រាវ ស្រាប់​នៅ​តែ​នៅ​វេលា​ម៉ោង​៧​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ ខែកុម្ភៈ មានការ​ផ្អើល​ឆោឡោ​ម្តងទៀតថា ចោរ​បាន​កាច់​សោ​.​ក​លួច​យក​ម៉ូតូ​មួយ​គ្រឿង​ទៀត នៅ​ក្បែរ​សាលា​បឋម​សិក្សា​២​ធ្នូ ស្ថិត​ក្នុងភូមិ​កំពង់ក្របី សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ដែល ម៉ូតូ​នោះម៉ាកហុងដា សេ​១២៥ ព​ណ៌ខ្មៅ ស៊េរី​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ​1Y-2728 ដែល​មាន​ម្ចាស់​ឈ្មោះ ប៉ោ ងួ​ន ភេទ​ស្រី អាយុ​៤៥​ឆ្នាំ នៅ​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបងដែល​គាត់​ដឹក​កូន​ទៅ​សាលា​ហើយទុក​ម៉ូតូ​នៅ​ខាងក្រៅ​របងចាក់សោត្រឹមត្រូវ ។

លុះព្រឹកឡើង​ម៉ោង​៦​និង​៣០​នាទី​ ថ្ងៃ​ទី​១ ខែ​មីនា​ឆ្នាំ២០១៨ មានករណី​ទី​៣ទៀតបានកើតលើក​មួយ​លើក​ទៀត​ នៅ​ក្នុង​វត្ត​ដំរី​ស ដែល​លើក​ទី​៣​នេះ បាន​កើតឡើង​នៅ​ទល់មុខ​ទី​បញ្ញា​ការ​កងរាជអាវុធហត្ថ​ខេត្ត​តែ​ម្ដង ។ ម៉ូតូ​ដែល​ចោរលួច​នោះ​ព​ណ៌ខ្មៅ ស៊េរី​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ បាត់ដំបង 1V-2336 ដែល​ម្ចាស់​ឈ្មោះ ទូច ភ័​ណ្ឌ ភេទ​ស្រី អាយុ​ជាង​៥០​ឆ្នាំ នៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង បានទុកចាក់សោត្រឹមត្រូវនៅចំណុចខាងលើ រួចយក​ចង្ហាន់​ទៅ​វត្ត​។

ជុំវិញ​ចោរកម្មកើតឡើង៣លើកជាបន្តបន្ទាប់នេះត្រូវបានសមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថឲ្យ​ដឹង​ថា ក្រុម​ជន​ទុច្ចរិត​ហាក់​កំពុង​បង្កើន​សកម្មភាព​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ រីឯ​វិធានការ​ទប់ស្កាត់ ឬ​ការ​បង្ក្រាប​របស់​សមត្ថកិច្ច ហាក់​នៅ​មាន​កម្រិត​ទាប​បំផុត ។

លោកប៉ា​ង ហៀ​ង អធិការ​ក្រុង​បាត់ដំបង​បាន​អះអាង​ថា បើ​តាម​ការ​ស្រាវជ្រាវ ជន​ប្រព្រឹត្ត គឺជា​មុខសញ្ញា​ដដែល​ៗ ។ ប៉ុន្តែ​លោក​អធិការ​មិន​បាន​បញ្ជាក់​ប្រាប់​អំពី​វិធានការ​ទប់ស្កាត់ ឬ​វិធានការ​តាម​បង្ក្រាប​ជន​ប្រព្រឹត្ត​នោះ​ទេ ដោយ​លោក​បាន​បញ្ចប់​ត្រឹម​ពាក្យ​ថា «​មន្ត្រី​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ​តាមរយៈកាម៉េរ៉ាវីដេអូផង និងតាមការតាមដានផង» ប៉ុណ្ណោះ ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *