មេការ និងកូនជាងកាត់ដេរ ចំនួន៧នាក់ ត្រូវប៉ូលិសចាប់ខ្លួនពីបទលួច និងក្បត់ទំនុកចិត្ត

ភ្នំពេញ:កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ភ្នំពេញថ្មី នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨នេះ សហការជាមួយកម្លាំងនគរបាលអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនស្ត្រីជនសង្ស័យជាមេការ និងកូនជាងកាត់ដេរ ចំនួន៧នាក់ នៅហាងកាត់សម្លៀកបំពាក់ យីហោ អេលីត ឡាហ្គា មានទីតាំងនៅក្នុងខណ្ឌសែនសុខ ពាក់ព័ន្ធករណីលួចនិងរំលោភលើទំនុកចិត្ត។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីបានឱ្យដឹងថា ជនសង្ស័យម្នាក់មានឈ្មោះ ជៀម ស្រីម៉ិច ភេទស្រី អាយុ៣២ឆ្នាំ មុខរបរ មេជាងកាត់ដេរ ទីលំនៅផ្ទះជួលលេខ ៩៩អា ផ្លូវ១៩៩០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងកូនជាងកាត់ដេរចំនួន ៦នាក់ទៀត។ក្រុមជនសង្ស័យខាងលើនេះ ធ្វើឡើងដោយយោងតាមពាក្យបណ្ដឹងចុះថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០១៨ របស់ម្ចាស់ហាងកាត់សម្លៀកបំពាក់ អេលីត ឡាហ្គា មានទីតាំងផ្ទះលេខ២៦ ផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមដើមបណ្តឹងប្តឹងថា កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៧ ជនសង្ស័យឈ្មោះ ជៀម ស្រីម៉ិច និងកូនជាងជាបក្ខពួក ដែលបម្រើការងារនៅក្នុងហាង កាត់សម្លៀកបំពាក់ អេលីត ឡាហ្គា បាននាំគ្នា លួចយកសម្ភារកាត់សម្លៀកបំពាក់ជាច្រើនមុខ ពីក្នុងហាងរបស់ជនរងគ្រោះ ទៅលួចកាត់ដេរសម្លៀកបំពាក់ឱ្យភ្ញៀវជាលក្ខណ:ឯកជន នៅក្នុងផ្ទះជួលដែលម្ចាស់ហាង អេលីត ឡាហ្គា ជួលឱ្យឈ្មោះ ជៀម ស្រីម៉ិច ជាមេការ និងបក្ខពួក ស្នាក់នៅ ដោយយកម៉ូតតាម ហាង អេលីត ឡាហ្គា ប៉ុន្តែយកតម្លៃ ធូរថ្លៃជាង ដែលជាការប៉ះពាល់ដល់ចំណូលរបស់ហាង។

ជនសង្ស័យឈ្មោះ ជៀម ស្រីម៉ិច និងបក្ខពួក បានធ្វើសកម្មភាព លួចយកសម្ភារកាត់ដេរសម្លៀកបំពាក់របស់ហាង អេលីត ឡាហ្គា ទៅលួចដេរសម្លៀកបំពាក់ឱ្យភ្ញៀវ យកតម្លៃទាបជាងហាង តាំងពីអំឡុងឆ្នាំ២០១៤មកម្ល៉េះ ប៉ុន្តែម្ចាស់ហាង អាណិត និងហៅធ្វើកិច្ចសន្យាជាច្រើនលើកច្រើនសារ ឱ្យពួកគេឈប់ធ្វើបែបនោះតទៅទៀត តែក្រុមជនសង្ស័យ នៅតែបន្តធ្វើដដែល ទើបម្ចាស់ហាង ដាច់ចិត្តប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនតែម្តងទៅ ៕ អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *