ចាប់ខ្លួនមេក្លោងជួញដូរគ្រឿងញៀនដ៏ធំ ជនជាតិឡាវម្នាក់ទៀត នៅខេត្តស្ទឹងត្រែង រឹបអូសថ្នាំញៀនប្រមាណ៣០គីឡូក្រាម

ស្ទឹងត្រែង៖ កម្លាំងនគរបាលការិយាល័យ «ក៥» នៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលខេត្តស្ទឹងត្រែង បានបើកប្រតិបត្តិការឈានទៅដល់ការចាប់ខ្លួន មេក្លោងជួញដូរគ្រឿងញៀនដ៏ធំម្នាក់ ដែលជាជាតិឡាវ នៅខេត្តស្ទឹងត្រែង ដោយរឹបអូសថ្នាំញៀនប្រមាណ៣០គីឡូក្រាម នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨នេះ។

មន្រ្តីនគរបាលជាន់ខ្ពស់មន្ទីរប្រឆាំងគ្រឿងញៀន បានប្រាប់សារព័ត៌មាន នៅមុននេះបន្តិចថា «ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៣ និងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានលេខាធិការដ្ឋាន នៃយុទ្ធនាការលើលទី៣ ក្រោមការបញ្ជាដឹកនាំដោយផ្ទាល់របស់នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន និងឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានចាត់តាំងកម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៥) បានបើកកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនឆ្លងដែន នៅចំណុចស្ពានទី២ ផ្លូវទៅវ៉ឺនខាំ ព្រំដែន ខេត្តស្ទឹងត្រែង និងខេត្តចំប៉ាសាក់ ប្រទេសឡាវ»។

ជាលទ្ធផលកម្លាំងជំនាញបានឃាត់ខ្លូនជនសង្ស័យឈ្មោះ កុប គីរីប៉ាត់ ភេទប្រុស ជនជាតិឡាវ អាយុ៤៣ឆ្នាំ ទីលំនៅភូមិថាំងឃុក ស្រុក-ខេត្តចំប៉ាសាក់ ដោយចាប់យកវត្ថុតាង៖ សារធាតុញៀនប្រភេទមេតំហ្វេតាមីន(ICE) ៣០កញ្ចប់ ទម្ងន់ប្រមាណ៣០គីឡូក្រាម នៅវេលាម៉ោង៩និង៤៥ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨នេះ៕បញ្ញា​

Leave a Reply

Your email address will not be published. Required fields are marked *