ជួលរថយន្តគេជិះបែរជាយកទៅលក់ ចាញ់ល្បែងកាស៊ីណូអស់ត្រូវនគរបាលចាប់ខ្លួន

ខេត្តសៀមរាបៈ បុរសម្នាក់ ដោយសារតែផុងខ្លួននឹងល្បែងស៊ីសង បានជួលរថយន្តគេជិះ បែរជាយកទៅលក់យកលុយទៅលេងល្បែងក្នុងកាស៊ីណូប៉ោយប៉ែតចាញ់អស់លុយ ត្រូវម្ចាស់រថយន្តប្តឹងឲ្យនគរបាលចាប់វាយខ្នោះ កាលពីថ្ងៃ អាទិត្យ ៤  រោច ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅភូមិទ្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប ។

សមត្ថកិច្ចនគរបាលក្រុងសៀមរាបបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ អៀង វាសនា ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង។ ចំណែកជនរងគ្រោះមានឈ្មោះ អៀម ចិន្តា ភេទស្រី អាយុ៣៥ឆ្នាំ មានទីលំនៅភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប។

លោកឧត្តមសេនីយ៍ត្រី ភឹង ចន្តារ៉េត ស្នងការរងទទួលបន្ទុកកណ្តាលយុត្តិធម៌ បានឲ្យដឹងថា កម្លាំងនគរបាលរបស់លោក បានឃាត់ខ្លួនជនសង្ស័យខាងលើតាមបណ្តឹងរបស់ជនរងគ្រោះ ខណៈដែលជនសង្ស័យជួលរថយន្តគាត់ជិះ រួចយកទៅលក់។

លោកស្នងការងបន្តថា ជនសង្ស័យបានសារភាពថា គឺកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨ ខ្លួន បានទៅជួលរថយន្តជនរងគ្រោះ ឈ្មោះ អៀម ចិន្នា ភេទស្រី អាយុ៣៥ឆ្នាំរស់នៅនៅភូមិទ្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប ម៉ាកហាយឡែនឌ័រ ពណ៌ទឹកមាស លេខតួ JTEG1D21QA740092358 លេខម៉ាស៊ីន 2AZ1395947 ពាក់ស្លាកលេខ សៀមរាប 2A-8559 ស៊េរី២០០៤ ចំនួន១គ្រឿង ក្នុងតម្លៃជួល មួយខែ៦០០ដុល្លារ ហើយបានបង់ថ្លៃជួលមុន។ លុះពេលជួលរថយន្តបានហើយ ខ្លួនបានបើកថយន្តនោះទៅលក់ម្តុំចំណុចផ្លូវ៦០ម៉ែត្រ ក្នុងក្រុងសៀមរាប បានតម្លៃ១៣៥០០ដុល្លារ (មួយម៉ឺនបីពាន់ប្រាំរយដុល្លារ)។ លុះពេលបានលុយ ក៏យកទៅលេងល្បែងនៅកាស៊ីណូ ក្រុងប៉ោយប៉ែត រហូតចាញ់អស់លុយដែល​លក់រថយន្តនោះតែម្តង។​ ក្រោយមករូបគេមិនបានប្រាប់់រឿងរ៉ាវដល់ជនរងគ្រោះនោះទេ គឺធ្វើដូចជានៅជួលរថយន្តនោះដដែល។

លុះនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨ ជនរងគ្រោះ ក៏បានប្រទះឃើញរថយន្តរបស់គាត់​ត្រូវគេដាក់តាំងលក់នៅការាស់លក់រថយន្តតាមផ្លូវ៦០ម៉ែត្រ ទើបមានការសង្ស័យ ក៏បានមកប្តឹងសមត្ថកិច្ចឲ្យជួយធ្វើអន្តរាគមន៍រហូត ឈានដល់ឃាត់ខ្លួនគេបានតែម្តង។

ជនសង្ស័យរូបនេះត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *