ចោរAKចូលប្លន់តូបលក់ប្រេងសាំងមួយ​កន្លែងក្នុងខណ្ឌព្រែកព្នៅ​ត្រូវ​កម្លាំង​អាវុធហត្ថបាញ់ចំជនសង្ស័យរបួសម្នាក់

ភ្នំពេញ ៖​ ចោរ​មួយ​ក្រុម​ធ្វើ​សកម្ម​ភាព​ប្លន់​យ៉ាង​កក្រើក​នៅ​តូប​លក់​ប្រេង​សាំង​មួយ​កន្លែង​មិន​បាន​សំរេច​ត្រូវ​កម្លាំង​អាវុធ​ហត្ថ​បាញ់​បណ្ដាល​អោយ​រងរបួសធ្ងន់​ម្នាក់​នឹង​បក្ខ​ពួក​ផ្សេង​ទៀត​រត់គេចខ្លួន​បាត​ជើង​ស​ព្រាត​។ហេតុការណ៍នេះ​បាន​កើត​កាល​ពី​វេលាម៉ោង២១ និង០០នាទីយប់ ថ្ងៃទី៨ មីនា ឆ្នាំ២០១៨​ស្ថិត​នៅ​តាមបណ្តោយផ្លូវអូរដឹម ទំនប់កប់ស្រូវ ស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

​តាមប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​ក្រុមជនសង្ស័យ៥នាក់ ប្រដាប់ដោយកាំភ្លើង AK47 ចំនួន២ដើម បានចូលទៅរុញទ្វារតូបលក់ប្រេងសាំងមួយកន្លែងនៅតាមបណ្តោយផ្លូវអូរដឹម ទំនប់កប់ស្រូវ ស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ក្នុងគោលបំណងប្លន់យកទ្រព្យសម្បត្តិ តែមិនបានសម្រេច ខណៈដែលវាយកូនចៅម្ចាស់លក់ប្រេងសាំងបណ្តាលរបួស ស្របពេល​នោះ​កម្លាំង​អាវុធហត្ថជិះ​ម៉ូតូ​ដើរ​ល្បាត​ដើម្បី​ការ​ពារ​សុវត្តិភាព​ក្នុងមូលដ្ឋាន​ស្រាប់​តែ​ប្រទះ​ឃើញហេតុការណ៍ខាង​លើ​។ ហើយក្រុមជនសង្ស័យបានទាញAKបាញ់សំដៅមក​លើ​កម្លាំង​អាវុធតែ​សំណាងល្អ​មិនផ្ទុះ ក៏ត្រូវខាង​កម្លាំង​អាវុធហត្ថបាញ់ទៅវិញ ចំជើងជនសង្ស័យដេកដួលទៅនឹងកន្លែង។ ចំណែក​ឯ​បក្ខ​ពួក​ចំនួន៤នាក់ទៀតរត់ចូលទៅក្នុងដីឡូត៍​​ជិត​កន្លែង​កើតហេតុបាត់ស្រមោលបន្សល់​ទុក​តែ​ជន​សង្ស័យ​ម្នាក់​ដែល​រង​របួស​នៅ​នឹង​កន្លែង​៕សារ៉េត​

Leave a Reply

Your email address will not be published. Required fields are marked *