ក្មេងប្រុសម្នាក់ ត្រូវត្រាក់ទ័រភ្ជួរស្រែកិនក្បាលស្លាប់ពេលអង្គុយចាំឪពុកក្នុងកម្ពោតព្រៃ

ខេត្តពោធិ៍សាត់ៈ គួរឲ្យអាណោចអាធ័មនាស់ដែលក្មេងប្រុសវ័យ៥ឆ្នាំម្នាក់ ត្រូវបានត្រាក់ទ័រភ្ជួរស្រែកិនក្បាលស្លាប់ នាវេលាម៉ោង១១ព្រឹកថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងទី៩ ខែមីនា ឆ្នាំ២០១៨ ស្ថិតក្នុងឃុំកញ្ជ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ គ្រាដែលត្រាក់ទ័រ៣គ្រឿង កំពុងភ្ជួរស្រែ ។

នគរបាលស្រុកកណ្តៀងបានឲ្យដឹងថា ក្មេងរងគ្រោះឈ្មោះ នាង ស៊ីវីត អាយុ៥ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ រស់នៅភូមិពោកុដិ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានឪពុកឈ្មោះ ឡាង លឿន អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ និងម្តាយឈ្មោះ ភួង ​ឃីម អាយុ៣២ឆ្នាំ ជនជាតិខ្មែរ។

ចំណែកអ្នកបើកបរត្រាក់ទ័របង្កឈ្មោះ វន ភេទប្រុស អាយុប្រហែល២៥ឆ្នាំ ជនជាតិខ្មែរ  រស់នៅឃុំកើតហេតុខាងលើ បានរត់គេចខ្លួនបាត់ស្រមោលក្រោយដឹងថា បើកត្រាក់ទ័រកិនក្មេងស្លាប់ ។

ប្រភពដដែលបានឲ្យដឹងទៀតថា នៅថ្ងៃកើតហេតុខាងលើ ឪពុកក្មេងរងគ្រោះបានជួលត្រាក់ទ័រចំនួន៣គ្រឿង ឲ្យមកភ្ជួរស្រែ និងបានយកកូនដែលជាជនរងគ្រោះទៅស្រែជាមួយផង ដោយឲ្យទៅអង្គុយម្នាក់ឯងក្នុងព្រៃគុម្ពោតស្រែ ដែលត្រាក់ទ័រកំពុងភ្ជួរ។ បន្ទាប់មកឪពុកជនរងគ្រោះ ក៏បានដើរទៅបង្ហាញព្រំប្រទល់ដីស្រែដែលត្រូវភ្ជួរឲ្យគេភ្ជួរដី។ លុះត្រាក់ទ័រភ្ជួរដីបានប្រមាណជា២០នាទី បុរសជាឪពុកក៏ដើរសំដៅទៅរកកូន ស្រាប់តែឃើញកូនរបស់ខ្លួន ដេកស្លាប់បាត់ទៅហើយ ដោយសារអ្នកបើកត្រាក់ទ័រអត់ដឹងថាមានក្មេងអង្គុយនៅកម្ពោតព្រៃក៏កិនបែកក្បាល។ ក្រោយឃើញដូច្នេះ បុរសជាអ្នកបើកត្រាក់ទ័រភ្ជួរដី បានរត់គេចខ្លួនបាត់ស្រមោលតែម្តង ហើយមកដល់ពេលនេះសមត្ថកិច្ចកំពុងតាមចាប់ខ្លួន ។

បច្ចុប្បន្ន សាកសពក្មេងប្រុសរងគ្រោះត្រូវបាន ក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណីទាំងក្តុកក្តួលបំផុត ៕

Leave a Reply

Your email address will not be published. Required fields are marked *