ជិះ​ម៉ូតូមិនប្រុង​ប្រយ័ត្ន​ទៅបុកគោយន្តកន្ទ្រៃដឹកឈើបោកក្បាលស្លាប់ខ្លួនឯង នៅស្រុកសៀមប៉ាង

 

ខេត្តស្ទឹងត្រែង៖ បុរសម្នាក់​ជិះ​ម៉ូតូលឿនមិនប្រុងប្រយ័ត្នជ្រុល​ទៅ​បុក​គោ​យន្ត​កន្ត្រៃ​ដឹក​ឈើ​ពី​ក្រោយ​ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម​នូវ​នឹង​កន្លែង​។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧ យប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចផ្លូវចេញពីត្រពាំងឈូក ស្ថិតនៅភូមិញ៉ាំងសុំ ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ រស់ សារុន (ហៅក្លេវ) អាយុ៣៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។
តាម​ប្រភព​ព័ត៌មាន​ពីប្រជាពលរដ្ឋបានឲ្យដឹងថា​នៅមុនពេលកើតហេតុគេបានឃើញគោយន្តកន្ទ្រៃមួយគ្រឿងដឹកឈើពេញគោយន្តកំពុងតែរយ៉ែថយក្រោយដើម្បីសាងឈើដាក់រថយន្តសាំយ៉ុងមួយគ្រឿងទៀត។ ខណៈដែលកំពុងតែសាងឈើនោះស្រាប់តែមានម៉ូតូមួយគ្រឿងបើបរដោយបុរសម្នាក់បោះពួយយ៉ាងលឿនមកបុកចំពី​ក្រោយ​គោយន្តបណ្តាលឲ្យបោកក្បាលទៅនឹងម៉ាស៊ីនគោយន្តរងរបួសធ្ងន់ ប៉ុន្តែគោយន្តមួយគ្រឿងនេះពុំមានបច្ចេកទេសគ្រប់គ្រាន់ដូចជាភ្លើងដាក់បំភ្លឺផ្លូវ​ឡើយ​។
តាម​ប្រភពដដែលបានបន្តឲ្យដឹងទៀតថា ក្រោយពីកើតហេតុការណ៍នេះ ភ្លាម ម្ចាស់គោយន្តកន្ទ្រៃបានរត់គេចខ្លួនបាត់ស្រមោល ចំណែកឯរថយន្តដែលមកសាងឈើក៏បានជួយដឹកជនរងគ្រោះទៅកាន់មន្ទីពេទ្យបង្អែកខេត្ត ភ្លាមៗ​ផងដែរ ប៉ុន្តែជាអកុសល្យ ជនរងគ្រោះបានដាច់ខ្យល់ស្លាប់ពាក់កណ្តាលផ្លូវបាត់ទៅហើយ។​ រីឯរថយន្តខាងលើបានដឹកសពជនរងគ្រោះយកមកប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។

បច្ចុប្បន្ន គោយន្តកន្ទ្រៃដឹកឈើនិងម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចអូសយកមករក្សាទុក នៅអធិការរដ្ឋាននគរបាលស្រុកសៀមប៉ាង ដើម្បីងរងចាំភាគី ទាំងពីរចូលខ្លួនមកដោះស្រាយទៅតាមផ្លូវច្បាប់ ៕​សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *