ឃាត់ខ្លួនអ្នកទទួលផលចោរកម្ម និងកែច្នៃម៉ូតូ៣នាក់នៅស្រុកគងពិសី

ខេត្តកំពង់ស្ពឺ៖ កម្លាំងនគរបាលខេត្តកំពង់ស្ពឺ សហការ ជាមួយកម្លាំងនគរបាលស្រុកគងពិសី បានចុះបង្ក្រាបទីតាំង ទទួលផលចោរកម្ម និងកែច្នៃម៉ូតូមួយកន្លែង ឃាត់ខ្លួនជនសង្ស័យ ៣នាក់ និងរឹបអូសសម្ភារៈជាភស្តុតាង មួយចំនួន ។

ប្រតិបត្តការនេះធ្វើឡើងកាលពីថ្ងៃ សុក្រ ៧ កើត ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០១៨ នៅភូមិរាំង ឃុំជង្រុក ស្រុក គងពិសី ខេត្តកំពង់ស្ពឺ។

ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ទោ សម សាមួន បានឲ្យដឹងថា បន្ទាប់ពីទទួលដំណឹងថា មានកន្លែងបើកទទួលផល ចោរកម្ម និងកែ ច្នៃម៉ូតូខុសច្បាប់ លោកបានចាត់ កម្លាំងជំនាញ សហការជាមួយកម្លាំង នគរបាលស្រុក និង សម្របសម្រួល ផ្លូវច្បាប់ដោយលោក អ៊ូ ផាត ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តកំពង់ស្ពឺ ចុះតៅទីតាំងខាងលើ ហើយបាន ឃាត់ខ្លួនជនសង្ស័យ៣នាក់ រួមមាន ទី១-ឈ្មោះ ថន ពិសិដ្ឋ ភេទ ប្រុស អាយុ ៣៤ ឆ្នាំ នៅភូមិរាំង ឃុំជង្រុក ស្រុក គងពិសី , ទី២-ឈ្មោះ វ៉ាន់ ជីវ័ន្ត ភេទប្រុស អាយុ២៥ ឆ្នាំ នៅភូមិតាំងតាង៉ក ឃុំព្នៅ២ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង និង ទី៣-ឈ្មោះ កៅ វុត្ថា ភេទប្រុស អាយុ ១៧ ឆ្នាំ នៅភូមិអង្គត្រាវខាងត្បូង ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ។

យោងតាម ចម្លើយរបស់ មុខសញ្ញាសង្ស័យ ទទួលផលចោរកម្ម និងកែច្នៃម៉ូតូ មិនប្រក្រតី សមត្ថកិច្ច បានធ្វើការឆែកឆេរផ្ទះ ជនសង្ស័យ ឈ្មោះ ថន ពិសិដ្ឋ រកឃើញម៉ូតូ មិនប្រក្រតីចំនួន ៨គ្រឿង រួមមានៈ ១, ម៉ូតូ ម៉ាក ឌូក ពណ៌ សលាយខ្មៅ ពាក់ស្លាកលេខ កណ្តាល 1F-3939 ២, ម៉ូតូម៉ាកកាវ៉ាសាគី ពណ៌ ទឹកក្រូចលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GL-8853 ៣, ម៉ូតូម៉ាក XR ពណ៌ក្រហម លាយស ពាក់ស្លាកលេខ ភ្នំពេញ 1W-9134 ៤, ម៉ូតូម៉ាក MSX ពណ៌ខ្មៅ លាយស ពាក់ស្លាកលេខកំពង់ស្ពឺ 1G-4412 ៥, ម៉ូតូម៉ាក ស៊ូមើអ៊ិ ច ពណ៌ខ្មៅ លាយស ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1GN-1205។ ចំណែក ម៉ូតូ ៣គ្រឿងទៀត ពាក់ព័ន្ធ និង មធ្យោបាយ ចែកចាយ សារធាតុគ្រឿងញៀនក៏ត្រូវឃាត់ទុកដែរ ។

បច្ចុប្បន្ន កម្លាំងជំនាញ កំពុងកសាងសំណុំរឿង បញ្ជូន ទៅ អយ្យការអម សាលាដំបូងខេត្ដកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *