ផឹកស៊ីស្រវឹងខឹងមិត្តភ័ក្តិចេញទៅមុន យកសាំងដុតរោលខ្លោចពេញខ្លួន

ខេត្តកំពត ៖ ពិតជាគួរឲ្យខ្លាចផ្សារក្នុងរាងកាយណាស់ ដែលបុរសចិត្តខ្លាំងម្នាក់ នៅពេល ផឹកស៊ីស្រវឹងខឹងមិត្តភ័ក្តិចេញទៅមុនបានយកសាំងចាក់ស្រោចលើខ្លួនដុតរោលខ្លោចពេញខ្លួន ធ្វើឲ្យអំពល់ទុក្ខ ដល់ប្រពន្ធកូនដឹកយកទៅកាន់មន្ទីរពេទ្យភ្លាមទាំងទឹកភ្នែក ។

ហេតុការណ៍ស្មានមិនដល់នេះបានកើតឡើងកាលពីវេលា​ម៉ោង​៥ និង​៤០​នាទី​ល្ងាច ថ្ងៃ អាទិត្យ ៩  កើត ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹង ថ្ងៃ​ទី​២៥ មីនា មានការ​ នៅ​ក្នុងភូមិ​ព្រែក​ចេក ឃុំ​កោះ​តូច ស្រុក​ទឹ​ក​ឈូ ខេត្តកំពត ។

នគរបាលស្រុក​ទឹ​ក​ឈូ បានឲ្យដឹងថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ កើត នួន អាយុ​២៤​ឆ្នាំ ជា​មន្ត្រី​យោធា​ជើង​ទឹកសមុទ្រ​រាមប្រចាំ ខេត្ដ​ព្រះ​សីហ​នុ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ មាន​ប្រពន្ធ​ឈ្មោះ​ធាន ធា​រ៉ា អាយុ​២៧​ឆ្នាំ ជា​អ្នក​លក់ដូរ​នៅផ្ទះចំណុចកើតហេតខាងលើ  ។

បើ​តាម​ស្ត្រី​ប្រពន្ធ​ជនរងគ្រោះក៏​ដូច​អ្នក​ជិតខាង​បាន​ប្រាប់​សមត្ថកិច្ច​ថា មូលហេតុ​ដែល​ធ្វើ​ឱ្យ​ជន​រង​គ្រោះ​ដុត​សម្លាប់​ខ្លួន​នេះ គឺដោយសារ​រឿង​អន់ចិត្ត​ជាមួយ​មិត្តភក្តិ​ដែល​មកផឹកស៊ី​ជាមួយ​នាំគ្នាឡើង​ចោល​ទៅ​មុន​អស់ ។ ក្នុងពេលនោះគេឃើញជនរងគ្រោះស្រវឹងនិយាយឡូឡា ខឹងនឹងមិត្ត ភក្តិដែលចេញទៅផ្ទះអស់ មិននៅចូលរួមផឹកបន្តជាមួយខ្លួន រួចបាន ស្ទុះទៅយកសាំង១កូនដបមកស្រោចលើខ្លួន រួចកេះដែកកេះដុតឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យឆេះសម្លៀកបំពាក់ព នឹងខ្លោចស្បែក ដេកដួលនៅលើដីតែម្តង ។ ពេលឃើញដូច្នេះ ប្រពន្ធនិងអ្នកជិតខាងបានចេញទៅជួយពន្លត់​ភ្លើងដែលកំពុងឆេះខ្លួនទាល់តែរលត់ ប៉ុន្តែជនរងគ្រោះហាក់ដូចជាស្វាងស្រា ស្រែកថ្ងូរឲ្យ គេឯងជួយផងដែរ ។

ក្រោយ​កើតហេតុ​ភ្លាម​ៗ ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​សង្គ្រោះ​បន្ទាន់ ប៉ុន្តែ​ស្ថានភាព​មិនដឹង​បែប​ណានោះទេព្រោះ​ភ្លើង​ឆេះ​រោល​រលាក​លើស​៥០%​ទៅ​ហើយនោះ ៕ សំបូរ

 

Leave a Reply

Your email address will not be published. Required fields are marked *