កើតមកគ្មានឆ្អឹងលលាដ៏ក្បាល អំពាវនាវរកសប្បុរសជនជួយ

ខេត្តត្បូងឃ្មុំៈ ជីវិតមនុស្សកើតមកពិតជាមានកាយសម្បទា និងវាសនាខុសគ្នាមែន ដោយខ្លះ​កើតមកមានរូបសម្បត្តិមាំមួនបានជួបវាសនាខ្ពស់ ឯខ្លះទៀតកើតមកកាយសម្បទាមិនគ្រប់ លក្ខណៈសម្បត្តិ(ពិការ)តែងជួបវាសនាអាក្រក់ ។

ជាក់ស្តែង ដូចកុមារីម្នាក់នេះបានជួបវាសនាអាក្រក់ណាស់កើតមកមានដៃជើងនិងរូបកាយ គ្រប់លក្ខណៈទាំងអស់ តែទាស់អត់មានឆ្អឹងលលាដ៏ក្បាល មានតែស្បែកគ្របដណ្តប់លើខួរ និងរស់នៅម្ង៉ៃកាត់ ម្ង៉ៃកោរ ដោយសារបញ្ចូលអុកស៊ីហ្សែនប៉ុណ្ណោះ ។

ក្នុងអាយុជាងពីរខែដែលនាងកើតចេញពីផ្ទៃម្តាយជាត្រកូលក្រីក្រ នៅភូមិត្រពាំងផ្លុង ឃុំត្រ​ពំាង​ផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាងបាននាំមកនូវទុក្ខលំបាកដល់ក្រុម​គ្រួសារ ជាពិ​សេស​ឪពុក​ម្តាយបង្កើតគ្មានពេលទំនេរចាកចេញឆ្ងាយដើម្បីរកស៊ីឬធ្វើការងារ រកចំណូល​ដល់គ្រួសារ ក្រៅពីលក់របស់របរស្ទើរគ្មានសល់ដើម្បីយកលុយមក​ព្យាបាលកាយ​សម្បទារ​របស់នាងដែលមកដល់ពេលនេះថែមទាំងស្វិតខ្លួនខុសពីធម្មតាទៀតនោះឡើយ ។

យ៉ាងណាក្នុងនាមជាឪពុក-ម្តាយ បានបង្កើតនាងមកហើយ ទោះឃើញកូនកើតមក មាន កាយសម្បទាខុសគេឯង និងមិនមានលក្ខណៈគ្រប់គ្រាន់ក៏ដោយ ក្នុងទឹកចិត្តជាអ្នកមានគុណ ត្រូវតែតស៊ូចិញ្ចឹមកូនឲ្យរស់រានមានជីវិតនៅលើភពផែនដីនេះទោះធ្លាក់ខ្លួនក្ររកអង្ករច្រកឆ្នាំង មិនបានក្តី ។

ដូចឃើញក្នុងរូបថតនេះ នាងតូចម្នាក់នេះបានមកចាប់កំណើតក្នុងត្រកូលអ្នកក្រីក្រ មាន​ក្បាល​ទ្រវែង អត់ឆ្អឹងលលាដ៏ មានតែស្បែកគ្របខួរប៉ុណ្ណោះ ហើយមិនដឹងថានាងអាចរស់ដល់​ចាស់ស្លាប់ឬយ៉ាងណានោះដែរ។ មកដល់ពេលនេះ ដោយសារគ្រួសារអភ័ព្វនេះអស់លទ្ធភាព​ក្នុងការថែរក្សា ព្យាបាលសុខភាពនាងឲ្យប្រសើរដូចក្មេងដទៃដោយសារអស់ទ្រព្យពីខ្លួននោះ ឪពុក ម្តាយរបស់នាងបានលើកម្រាមដៃ១០សំពះ​ដល់សប្បុរសជនទំាងក្នុងនិងក្រៅ​ប្រទេស​ទំាងអស់សូម​មេត្តាជួយសង្គ្រោះដល់កុមារីអភ័ព្វម្នាក់នេះផង ខណៈ ពួកគាត់មាន​បំណង​ចង់យកទៅព្យាបាលបន្តនៅរាជធានីភ្នំពេញតែ​ខ្វះខាតថវិកានៅឡើយនោះ ។ ការជួយរបស់ លោកអ្នកជាសប្បុរសជនបានន័យថា ប្រៀបបានធ្វើបុណ្យ១០វត្ត ក្នុងន័យ ជួយឲ្យមនុស្សម្នាក់​រស់ឃើញពន្លឺព្រះអាទិត្យដូចគេឯងនោះដែរ ៕សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *