

ខេត្តកណ្តាល៖មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តស្លាកលេខខេមរភូមិន្ទនឹងម៉ូតូបណ្តាលឲ្យនារី២នាក់រងរបួសធ្ងន់ ខណៈដែលជិះម៉ូតូលឿនខ្វះការប្រុងប្រយ័ត្នត្រូវរថយន្តបត់ជ្រុលទៅបុក។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៣ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង២១និង៣០នាទីយប់ ត្រង់ចំណុចមុខរោងចក្រហ្គាវន្ត័(អតីតរោងចក្រកង់ឡាន)លើផ្លូវលេខ២១០ ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកSuzuki Smash ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1U-8782(គ្មានកញ្ចក់មើលក្រោយនឹងមិនពាក់មួកសុវត្ថិភាព)បើកបរដោយឈ្មោះប៊ុន ស្រីរត្ន័ ភេទស្រីអាយុ១៧ឆ្នាំ(របួសធ្ងន់) មានទីលំនៅក្នុងភូមិព្រែកគល់ទទឹង សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ នឹងអ្នករួមដំណើរពីក្រោយឈ្មោះប៊ុន ស្រីវ៉ាន់ ភេទស្រីអាយុ១៨ឆ្នាំ(របួសធ្ងន់)មានទីលំនៅក្នុងភូមិឃុំជាមួយគ្នាបើកបរក្នុងទិសដៅពីជើងទៅត្បូងមកដល់ចំណុចខាងលើបានបុកជាមួយរថយន្តម៉ាក4Runner ពណ៌ខ្មៅ ពាក់ស្លាកលេខ ខេមរភូមិន្ទ 2-0446បើកបរដោយឈ្មោះរឹម កន ភេទប្រុស អាយុ៦០ឆ្នាំ មានទីលំនៅក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងស្របទិសគ្នា(បត់ឆ្វេងផុតគំនូសចែកទ្រូងផ្លូវ)បណ្តាលអោយជនរងគ្រោះអ្នកបើកបរម៉ូតូនឹងអ្នករួមដំណើរពីក្រោយរងរបួសធ្ងន់ត្រូវបានសាច់ញាត្តិដឹកយកទៅព្យាបាលនៅគ្លីនិកកែវ សាន្ត។រីឯមធ្យោបាយទាំង២ត្រូវបានកម្លាំងនគរបាលក្រុងតាខ្មៅយកមកកាន់អធិការដ្ឋានដើម្បីចាត់ចែងតាមនីតិវិធី៕សារ៉េត