




ខេត្តកណ្តាល ៖បុរសម្នាក់ជិះម៉ូតូចេញពីផ្ទះធ្វើដំណើរតាមដងផ្លូវរអិលដួលត្រូវរថយន្តមកក្រោយបុកហើយកិនពីលើបណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥:១០នាទីព្រឹកថ្ងៃទី១៤ខែធ្នូឆ្នាំ២០១៦ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១Km33,34ស្ថិតក្នុងភូមិ ព្រែកប៉ុល ឃុំបន្ទាយដែកស្រុកកៀនស្វាយខេត្តកណ្ដាល។
ជនរងគ្រោះមានឈ្មោះសុន សំ ភេទប្រុស អាយុ៤៧ឆ្នាំមានទីលំនៅក្នុងភូមស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ។ដោយឡែកអ្នកបើកបររថយន្តមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ផ្លាកលេខ ឃ 9355 កណ ចេញពីផ្ទះធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំនុចកើតហេតុម៉ូតូរបស់ជនរងគ្រោះបានរអិលដួលនៅលើផ្លូវត្រូវរថយន្តម៉ាក HYUNDAIពណ៌ស
ពាក់ផ្លាកលេខ ភ្នំពេញ3D2255 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច(អ្នកលឿងទៅភ្នំពេញ)ស្របទិសគ្នាបុកហើយកិនពីលើ ខណ:ដែលមេឃកំពុងភ្លៀងធ្លាក់បណ្ដាលអោយជនរងគ្រោះស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង។ក្រោយកើតហេតុ អ្នកបើករថយន្តបានរត់គេចខ្លួនបាត់បន្សល់ទុកតែរថយន្តនៅនឹងកន្លែងកើតហេតុ។
ក្រោយពីកើតហេតុគេឃើញសមត្ថកិច្ចមូលដ្ឋានបានចុះទៅកន្លែងកើតហេតុដើម្បីធ្វើចរាចរណ៍និងទំនាក់ទំនងរកសាច់ញាតិជនរងគ្រោះមកទទួលសាកសពយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត។រីឯម៉ូតូនិងរថយន្តត្រូវបានកម្លាំងនគរបាលស្រុកកៀនស្វាយយកទៅរក្សាទុករងចាំការដោះស្រាយតាមផ្លូវច្បាប់៕សារ៉េត