រុឺម៉កម៉ូតូវ៉ាជែងរថយន្ត២គ្រឿងមិនផុតទៅបុកម៉ូតូសង់កូរ៉េ ស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់នៅផ្លូវជាតិលេខ៣

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែង ចំណែកម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយម៉ូតូសណ្តោងរុឺម៉ក ព្យាយាមបើកវ៉ជែងរថយន្តចំនួន២គ្រឿងខាងមុខតែមិនបានផុតត្រូវបានបុកម៉ូតូសង់កូរ៉េ បើកច្រាសទិស កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣ មុខច្រកចូលវិទ្យស្ថានវិទ្យាសាស្រ្តសុខាភិបាល កងយោធពលខេមរភូមិន្ទ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។
ភាគីម៉ូតូសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ កណ្តាល 1K-7345 បើកបរដោយបុរសម្នាក់ ដែលគេស្គាល់ថាជាអ្នកបើកបររថយន្តស្វយ័តក្រុង ខ្សែលេខ៣ នៅបុរីសន្តិភាព២ ស្លាប់ភ្លាមៗនៅកន្លែង ។ ចំណែកភាគីខាងម៉ូតូសណ្តោងរុឺម៉ក ម៉ាក សង់កូរ៉េ បាញ់ថ្នាំពណ៌ខ្មៅ កែច្នៃ គ្មានស្លាកលេខ បើកបរដោយបុរសម្នាក់ រងរបួសធ្ងន់ ដែលពលរដ្ឋធ្លាប់ស្គាល់ ជារុឺម៉កដឹកហ្គាស ។

តាមប្រភព​ព័ត៌មានពី​ប្រជាពលរដ្ឋឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុ រុឺម៉កម៉ូតូបើកតាមបណ្តោយផ្លូវជាតិលេខ៤ ពីត្បូងទៅជើង ល្បឿនលឿន ដល់ចំណុចខាងលើ ព្យាយាមបើកវ៉ាជែង រថយន្តធន់ធំ២គ្រឿងបើកនៅខាងមុខ តែមិនផុតសមដូចបំណងបែជាទៅបុកម៉ូតូសង់កូរ៉េ បើកច្រាសទិស បណ្តាលឲ្យភាគីខាងម៉ូតូសង់កូរ៉េ ស្លាប់ភ្លាមៗនៅកន្លែង ចំណែកភាគីខាងម៉ូតូរុឺម៉ករងរបួសធ្ងន់ធ្ងរ ។

ក្រោយកើតហេតុ ជនរងគ្រោះម្នាក់ត្រូវបានរថយន្តសង្រ្គោះរបស់មណ្ឌលសុខភាពពងទឹក ប្រទះជួប បានជួយដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកឯជនរងគ្រោះម្នាក់ស្លាប់បាត់ជីវិត ត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវរកសាច់ញាតិដើម្បីដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែក មធ្យោបានទាំង២គ្រឿងក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ ត្រូវបាននគរបាលជំនាញចុះទៅពិនិត្យ និងយកទៅរក្សាទុកនៅការិយាល័យចរចរណ៍ជើងគោកក្រុងភ្នំពេញ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕៩៨

Leave a Reply

Your email address will not be published. Required fields are marked *