រថយន្តដឹកក្រួសបើកគេចរ៉ឺម៉កម៉ូតូជ្រុលឡើងលើខឿនសួនច្បារហើយក្រឡាប់ របួសស្រាល២នាក់

ភ្នំពេញ៖ រ៉ឺម៉កម៉ូតូមួយគ្រឿងបានបើកជែង​រថយន្តមួយគ្រឿង ខណៈនោះបង្កឲ្យរថយន្ត​ដឹកក្រួស​​ដែលកំពុងបើកបរពីត្បូងទៅជើង​នៅតាមបណ្តោយផ្លូវកប់ស្រូវនោះ​បួងចង្កូត​គេចកុំឲ្យបុករ៉ឺម៉កកង់៣នោះ ក៏ជ្រុលចង្កូតឡើងលើខឿនសួនច្បារ ដាច់កាឡេក្រឡាប់ចាក់​ក្រួសចោលពេញផ្លូវ ។

ករណីនេះកើតឡើងកាលពីវេលារសៀល ថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវទំនប់កប់ស្រូវ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តដឹកក្រួសពេញកូរ៉េចំណុះ៥តោនមួយ​គ្រឿង ពណ៌ស ពាក់ស្លាកលេខ ចង្កូតស្តាំ PP 2510 ធ្វើដំណើរតាមបណ្តោយផ្លូវកប់ស្រូវពីត្បូងទៅជើង។​ លុះមកដល់កន្លែងកើតហេតុ រ៉ឺម៉កម៉ូតូមួយគ្រឿងបានបើកជែង​រថយន្តមួយគ្រឿងទៀតពីមុខ​ធ្វើឲ្យអ្នកបើករថយន្តដឹកក្រួសភ័យខ្លាចបុក ក៏បួងចង្កូត​គេចកុំឲ្យបុករ៉ឺម៉កម៉ូតូនោះ ក៏ជ្រុលចង្កូតឡើងលើខឿនសួនច្បារ ដាច់កាឡេក្រឡាប់ចាក់ក្រួសចោលពេញផ្លូវតែម្តង។ ចំណែកកង់រថយន្តក្រោយ៤គ្រាប់ បានរបូតចេញពីតួរថយន្តមើលទៅគួរឲ្យស្ញើប ។

នៅក្នុងរថយន្តដែលជួបគ្រោះថ្នាក់នេះ មានមនុស្សជិះ២នាក់ឪពុក និងកូន បានត្រឹម រងរបួសស្រាលប៉ុណ្ណោះ ៕ អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *