ភ្នំពេញ ៖ បុរសវ័យ២៨ ឆ្នាំ ម្នាក់បានកាន់រូបថតភរិយាដ៏ស្រស់ស្អាតរបស់គាត់ចូលទៅកាន់ប៉ុស្តិ៍ នគរបាលរដ្ឋបាលស្ទឹងមានជ័យ ខណ្ឌមានជ័យ នាព្រឹកថ្ងៃទី១៥ ខែ ធ្នូឆ្នាំ ២០១៦ ដើម្បីឲ្យជួយស្រាវជ្រាវរក បន្ទាប់ពីដឹងថាភរិយាដែលមានកូនម្នាក់ជាមួយខ្លួនទៅហើយនោះ បានលង់ស្នេហ៍ជាមួយប្រុសក្មេងតាមហ្វេសប៊ុក ហើយនាំគ្នាពង្រត់មកសម្ងំសុខនៅម្តុំវត្តស្ទឹងមានជ័យ។
បុរសម្នាក់នេះឈ្មោះ នាង ឃុន នី អាយ ២៨ឆ្នាំ បានរៀបរាប់ប្រាប់សមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទាំងរលីងរលោងទឹកភ្នែកថា រូបគាត់នឹងប្រពន្ធអាយុ២៥ឆ្នាំបានរៀបការជាមួយគ្នាតាមច្បាប់អស់រយៈពេលជាង៥ឆ្នាំ មកហើយនៅស្រុកល្វាឯម ខេត្តកណ្តាល ដែលមកដល់ពេលនេះមានកូនប្រុសអាយុ៣ឆ្នាំម្នាក់កំពុងរស់នៅក្នុងបន្ទុក ។ ក្នុងមួយរយៈចុងក្រោយនេះប្រពន្ធរបស់គាត់បានទិញទូរស័ព្ទទំនើបមួយគ្រឿងហើយបានបង្កើត ហ្វេសប៊ុកផ្ទាល់ខ្លួន រហូតលេងឆាតតាមហ្វេសប៊ុកមានទំនាក់ទំនងស្នេហាជាមួយយុវជនស្ទាវ ម្នាក់ដែលរស់នៅក្បែរវត្តស្ទឹងមានជ័យនេះ ។
បុរសរូបនេះរៀបរាប់ទៀតថា គាត់បានដឹងរឿងប្រពន្ធលង់ស្នេហ៍ក្មេងស្ទាវតាមហ្វេសប៊ុកដែលរស់នៅម្តុំវត្តស្ទឹងមានជ័យ ហើយគាត់បានប្រាប់ឲ្យប្រពន្ធឈប់លេងដែរ តែមិនស្តាប់នៅតែលួចលេង រហូតលង់ស្នេហ៍ជ្រៅទៅៗ រត់តាមក្មេងស្ទាវម្នាក់នេះទាល់តែបាន ហើយអ្វីដែលគាត់ខ្លាចបំផុតនោះគឺក្មេងស្ទាវម្នាក់នេះញៀនថ្នាំទៀតផងខ្លាចប្រពន្ធគ្រោះថ្នាក់ និងល្បែងបោកបញ្ឆោរបស់ក្មេងស្ទាវ ៕ អូន ធួក

