






ខេត្តបាត់ដំបង ៖ ក្រោយពីធ្វើការសើបអង្កេត ស្រាវជ្រាវយ៉ាងស្វិតស្វាញបំផុត និងដោយបានការសម្របសម្រួល ពីលោកនួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ព្រមទាំងលោកព្រះរាជអាជ្ញារងក្រោមការបញ្ជាដឹកនាំពីឯកឧត្តម ឧត្តមសេនីយ៍ទោ ស ថេត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការ រងទទួលផែននគរបាលយុត្តិធម៌ បានសហការណ៍ដឹកនាំការងារផ្ទាល់ជាមួយកម្លាំងនគរបាលការិយាល័យនគរបាលព្រហ្មទ័ណ្ឌ កំរិតធ្ងន់នៃស្នងការដ្ឋាន ក៏ដូចជាកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកថ្មគោល ឈានដល់ការបង្ក្រាបឃាត់ខ្លួនជន ល្មើសដែលធ្វើសកម្មភាពប្លន់ទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅមូលដ្ឋានស្រុកថ្មគោលនាពេលកន្លងមកចំនួន ០២ នាក់ នោះគឺ៖
១-ឈ្មោះ ថី ធី ភេទប្រុស អាយុ ៣៩ ឆ្នាំ រស់នៅភូមិល្បើកប្រិយ៍ ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប
២-ឈ្មោះ ថី ធិន ភេទប្រុស អាយុ ៣៦ ឆ្នាំរស់នៅភូមិអន្លង់រុន ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង
ព្រមទាំងដកហូតបានសម្ភារៈភស្តុតាងមួយចំនួនដូចជា៖
-អាវុធធុនអាកា ចំនួន ០៣ ដើម
-បង់កាំភ្លើងអាកាចំនួន ០៣ គ្រាប់កាំភ្លើងអាកាចំនួន ៥២ គ្រាប់
-គ្រាប់បែកដៃផលិតនៅប្រទេសចិនចំនួន ០៣ គ្រាប់
-ដែកសម្រាប់កាច់កម៉ូតូចំនួន ០២
-ទូរស័ព្ទដៃចំនួន ០៦ គ្រឿង
-ស្លាកលេខម៉ូតូ លេខ (សៀមរាប 1N 7579 ចំនួន០១ ស្លាក)
ឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលបន្ទុកផែននគរបាលយុត្តិធម៌បានបញ្ជាក់ថា មុខសញ្ញានេះគឺជាជនល្មើសដែល ធ្លាប់បានធ្វើសកម្មភាពប្លន់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកថ្មគោលនាពេលកន្លងមក ដូចជាប្លន់អ្នកលក់ ចាប់ហួយ និងប្លន់អ្នកទិញស្រូវក្នុងពេលថ្មីៗ នេះ ។ លោកបន្តថា នៅមានមុខសញ្ញាពាក់ព័ន្ឋក្នុងករណីនេះមួយចំនួន ទៀតដែលលោកកំពុងតាមប្រម៉ាញ់យ៉ាងប្រកៀកប្រកិតបំផុត ។
ឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា កិច្ចប្រតិបត្តិការដ៏ក្តៅគគុកនេះ អាស្រ័យដោយមាន ការចង្អុលទិសពីឯកឧត្តម នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍អគ្គស្នងការរងទទួលបន្ទុកការងារយុត្តិធម៌ ថ្នាក់ដឹកនាំក្នុងនាយកដ្ឋានជំនាញ ព្រមទាំងមានការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងខេត្តបាត់ដំបង និងមានការចូលរួមសហការណ៍ពីអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ឋ គ្រប់ថ្នាក់ក្នុងនោះមានទាំងស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងការចូលរួមពីប្រជាពលរដ្ឋនៅមូលដ្ឋានផងទើបនគរបាលសម្រេចបាននូវកិច្ចប្រតិបត្តិការនេះ ។ សូមបញ្ជាក់ថា តាមពត៌មាន មុខសញ្ញាទាំងនេះក៏ធ្លាប់ធ្វើសកម្មភាពប្លន់នៅក្នុងភូមិសាស្រ្តខេត្តសៀមរាប និងខេត្តមួយចំនួនផ្សេងទៀតផងដែរ ។ បច្ចុប្បន្នជនសង័្សយនិងវត្ថុតាងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការខេត្តបាត់ដំបងដើម្បីចាត់ការតាមនីតិវិធី ៕សារ៉េត